ខាន់ ចេសា និង សាលី អ៊ូមើត ម្ចាស់មេដាយមាសការប្រកួតកីឡាអាស៊ី ទទួលបានគ្រឿងឥស្សរិយយស និងប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងច្រើនពីសម្តេចតេជោ
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ ដោយផ្ទាល់ចំពោះដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជាត្រឡប់ពីការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ដែលបានឈ្នះមេដាយមាសជូនជាតិមាតុភូមិ ដែលពិធីនេះធ្វើឡើងនៅវិមា នសន្តិភាព រាជធានីភ្នំពេញ។
ដំណើរនិវត្តន៍អមដោយសមិទ្ធិផលបំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ៦៤ឆ្នាំនេះ គឺមានពិធីទទួលស្វាគមន៍យ៉ាងពិសេស ដោយមានក្បួនដង្ហែររថយន្ដអមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញឆ្ពោះទៅវិមានសន្ដិភាព។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំក្រសួងអប់រំនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់ក្រោយចុះពីលើយន្ដហោះផងដែរ។
ការប្រកួតកីឡាអាស៊ី បានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ ផ្ទះ កម្ពុជាបានបញ្ជូនកីឡា ១៣ប្រភេទទៅចូលរួមប្រកួត។ ក្នុងចំណោមប្រភេទកីឡាទាំង ១៣ប្រភេទនេះ កម្ពុជាដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១និងសំរឹទ្ធ១ និង កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាកីឡាជឺជិតស៊ូ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរ វីរកីឡាករ វីរកីឡាការិនីដែលទទួលបានមេដាយមាសទាំងពីរ នាក់ដោយបានខិតខំប្រឹងប្រែងយកជ័យជម្នះជូនជាតិមាតុភូមិ។ នេះជាមោទនភាពមួយសំរាប់ប្រទេសកម្ពុជាដែល កម្ពុជាត្រូវរងចាំរយៈពេល៦៤ឆ្នាំ ទើបយើងទទួលបានមេដាយមាស បន្ទាប់ពីឆ្នាំ២០១៤យើងបានមេដាយមាសមួយ ដោយវីរកីឡាការិនី ស៊ន សៀវម៉ី ។ សម្តេចតេជោក៏ចូលរួមសោកស្តាយផងដែរចំពោះអ្នកដែលមិនបានទទួលមេដាយ ហើយសូមកុំអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងជាបន្តទៀត ព្រោះការខិតខំប្រឹងប្រែង និងការព្យាយាមតស៊ូ គង់បានសម្រេច។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ជ័យលាភីមេដាយមាសកីឡាការិនី ខាន់ ចេសា ទទួលបានថវិកាពីរដ្ឋ ៨០លានរៀល និងថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១ម៉ឺនដល្លារ និងគ្រូបង្វឹករបស់គេទទួលបានថវិកាពីរដ្ឋចំនួន៨០លានរៀល និងថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១ម៉ឺនដល្លារ។ ចំណែក ឯកីឡាករ សាលី អ៊ូមើត ទទួលបានថវិកាពីរដ្ឋចំនួន ១០៤លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិតចំនួន ១៣០០០ ដុល្លារ និងគ្រូបង្វឹករបស់គេទទួលបានថវិកាពីរដ្ឋចំនួន៨០លានរៀល និង ថវិការសម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិតចំនួន១ម៉ឺនដល្លារ៕





