ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជីវករផ្សារអូឡាំពិករូបណា ដែលមិនទៅយកសំណាក ត្រូវប្រឈមការពិន័យពី ១លានរៀល ដល់១០លានរៀល និងមិនអនុញ្ញាតឲ្យលក់ដូរថែមទៀត

    BY Khmernote Media July 2, 2021
    អាជីវករផ្សារអូឡាំពិករូបណា ដែលមិនទៅយកសំណាក ត្រូវប្រឈមការពិន័យពី ១លានរៀល ដល់១០លានរៀល និងមិនអនុញ្ញាតឲ្យលក់ដូរថែមទៀត

    នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារអូឡាំពិក រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្រោយរកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់។

    តាមរយៈសេចក្តីសម្រេច ប្រការ៥ បានឲ្យដឹងថា សន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងឡាយណា ដែលមិនព្រមសហការទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ ឬមិនអនុវត្តវិធានចត្តាឡីស័ក នឹងត្រូវប្រឈមមុខទៅនឹងការពិន័យអន្តរការណ៍ ក្នុងកម្រិតទឹកប្រាក់ចន្លោះពី មួយលានរៀល ដល់ដប់លានរៀល ដូចបានកំណត់ក្នុងចំណុចទី៤ និងទី៥ ប្រការ២ នៃប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល។ ក្រៅពីការពិន័យអន្តរការណ៍ គណៈកម្មការផ្សារ នឹងមិនអនុញ្ញាតឲ្យបន្តអាជីវកម្មលក់ដូរ ឬចេញ-ចូលមកបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារនេះ ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ។

    គណៈកម្មការផ្សារ សន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងឡាយណា ដែលមិនអនុវត្តតាម ប្រការ២ និងប្រការ៣ នៃសេចក្តីសម្រេចនេះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

    Share This Post: