ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៥នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ មានចំនួន៥០នាក់
នៅវេលាយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៥នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី០៣ ខែកក្កនេះ រួមមាន ៖ ក្រុងសៀមរាប ចំនួន ៣៤នាក់ , ស្រុកសូទ្រនិគម ចំនួន ២៦នាក់ , ស្រុកជីក្រែង ចំនួន ១៦នាក់ , ស្រុកស្រីស្នំ ចំនួន ០៧នាក់ , ស្រុកក្រឡាញ់ចំនួន ០៦នាក់ , ស្រុកប្រាសាទបាគង ចំនួន ០៣នាក់ , ស្រុកបន្ទាយស្រី ចំនួន ០១នាក់ , ស្រុកអង្គរជុំ ចំនួន ០១នាក់ និង មកពីខេត្តផ្សេង ចំនួន ០១នាក់ ។

គួររំលឹកថា ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៥នាក់នេះ ក្នុងនោះ ៖
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ពីលេខរៀងទី០១ ដល់ទី១៦ មានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ស្រុកជីក្រែង ,
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ពីលេខរៀងទី១៧ ដល់ទី២៧ មានប្រភពចម្លងចេញពីផ្សារលើធំថ្មី ក្រុងសៀមរាប ,
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ពីលេខរៀងទី២៨ ដល់ទី៣០ មានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ ក្រុងសៀមរាប
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ពីលេខរៀងទី៣១ ដល់ទី៥៧ មានប្រភពចម្លងចេញពីផ្សារដំដែក ស្រុកសូទ្រនិគម
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ពីលេខរៀងទី៥៨ ដល់ទី៦០ ឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន ,
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ លេខរៀងទី៦១ ជាអ្នកធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ,
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ពីលេខរៀងទី៦២ ដល់ទី៦៤ ឆ្លងពីអ្នកដំណើរមកពីខេត្តឧត្តរមានជ័យ ,
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ពីលេខរៀងទី៦៥ ដល់ទី៨១ ពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និង
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ពីលេខរៀងទី៨២ ដល់ទី៩៥ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ ។
ក្នុងថ្ងៃទី០៣ ខែកក្កដានេះដែរ ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ៥០នាក់ បានជាសះស្បើយ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម វិលត្រឡប់ទៅលំនៅឋានវិញ ប៉ុន្តែត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀ ។
នៅថ្ងៃជាមួយគ្នានេះដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ សេង ថាន ភេទប្រុស អាយុ៧០ឆ្នាំ អាសយដ្ឋានភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២៖៣០នាទី និងបានស្លាប់នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥៖២៥នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តសៀមរាប បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១.៤១៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥៦២នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក ចំនួន៨៤០នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ ៕