រដ្ឋបាលរាជធានីភ្នំពេញគ្រោងដាក់ឱ្យអនុវត្តការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះនាពេលឆាប់ៗនេះ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានបន្តកិច្ចប្រជុំរបស់ខ្លួនលើផែនការត្រួតពិនិត្យ ការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ដើម្បីឱ្យដំណើរការនៃការព្យាបាលនៅតាមផ្ទះនេះ មានគុណភាពនិងសុវត្ថិភាព ដែលអាចទទួលយកបាន ខណៈដែលអ្នកជំងឺជាច្រើនលើសលុប ចង់ឱ្យមានការព្យាបាលតាមផ្ទះនេះ ។ គម្រោងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី០៥ កក្កដា តាមរយៈVideo Conference ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តមង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តមង៉ូវ កាង បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ-១៩មិនមានការថមថយទេ តែបែរជាកើនឡើងខ្លាំង រហូតខ្វះកន្លែងទទួលអ្នកជំងឺ ។ដូច្នេះហើយ ទើបយើងបង្កើតឱ្យមានជាការព្យាបាលជំងឺនៅតាមផ្ទះនេះ ។ ការព្យាបាលនៅតាមផ្ទះនេះជារឿងល្អមួយ ។ប៉ុន្តែអ្វីដែលសំខាន់នោះគឺការគ្រប់គ្រងនិងមើលការខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន ជាអ្នកទទួលខុសត្រូវ។
ឯកឧត្តមបន្តថាអាជ្ញាធរខណ្ឌទាំង១៤ ជាអ្នកផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្មគ្រ័ចិត្តTYDA ដោយបង្កើតឱ្យមានទីបញ្ជាការ ស្រាល១កន្លែងក្នុងមួយខណ្ឌដើម្បីប្រចាំបញ្ជាអន្តរាគមន៍ជួយប្រជាពលរដ្ឋដែល ត្រូវការឱ្យជួយដោយជំងឺកូវីដ-១៩ ពោលគឺនៅពេលមានបញ្ហាអ្វីមួយយើងជួយពួកគាត់ទាន់ពេលវេលាតែម្តង។
លោកកើត ឆែ បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញត្រៀមធ្វើសន្និសីទសារព័ត៌មានមួយនៅពេលឆាប់ៗនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងជាសាធារណៈ ជាមួយនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យចូលរួមជាមួយអាជ្ញាធរផងដែរ។
គួរបញ្ជាក់ថា ៖ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរដ្ឋបាលរាជធានីភ្នំពេញបានឈានមួយជំហានទៅមុខរួចហើយ ដែលមកដល់ពេលនេះមានអ្នកជំងឺប្រមាណជាង៣០០ នាក់ហើយដែលកំពុងសំរាកព្យាបាលនៅតាមផ្ទះ ពិសេសបងប្អូនអាជីវករផ្សារអូឡាំពិក៕

ប្រភព៖ ក្រសួងព័ត៌មាន