ថ្ងៃនេះ ប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣៩,៧៩៦ករណី និងមរណភាពថ្មីចំនួន ៧២៣នាក់
- BY
- autoadmin
- July 5, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Times នៅថ្ងៃច័ន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ជាមួយនឹងការកើនឡើងករណីជំងឺ COVID-9 ថ្មីចំនួន ៣៩,៧៩៦ ក្នុងមួយថ្ងៃ វាបានធ្វើឱ្យចំនួនសរុបនៃជំងឺ COVID-19 នៅប្រទេសឥណ្ឌាបានកើនឡើងដល់ ៣០,៥៨៥,២២៩ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមាននៃជំងឺរាតត្បាត COVID-19។ ក្នុងនោះ ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៤០២,៧២៨ នាក់ បន្ទាប់ពីមានអ្នកស្លាប់ ៧២៣ នាក់ ដែលវាគឺជាចំនួនទាបបំផុតក្នុងរយៈពេល ៨៨ ថ្ងៃកន្លងមក។

ករណីសកម្មបានកាត់បន្ថយមកនៅត្រឹម ៤៨២,០៧១ នាក់ និងស្មើនឹង ១.៥៨% នៃការឆ្លងសរុប ខណៈអត្រានៃជាសះស្បើយពីជំងឺ COVID-19 របស់ប្រទេសឥណ្ឌាបានកើនឡើងដល់ ៩៧.១១%។ ក្រសួងសុខាភិបាលបាននិយាយថា ការធ្វើតេស្តចំនួន ១,៥២២,៥០៤ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យការធ្វើតេស្ដសរុបមាន ៤១៩,៧៧៧,៤៥៧ តេស្ដ គិតមកទល់នឹងពេលនេះ ខណៈដែលចំនួនវិជ្ជមានប្រចាំសប្ដាហ៍ធ្លាក់មកនៅត្រឹម ២.៤% ប៉ុណ្ណោះ៕


អត្ថបទ៖ លីដា
ប្រភព៖ India Times
- Share This Post:






