រឿងភាគថ្មី!មកមើលពីប្រវត្តិអ្នកលេងសង្គមងងឹត ទសវត្សទី៦០ បកស្បែកមុខជនពាលពី វីរៈបុរសឧក្រិដ្ឋជនចិត្តជា នៅភីអិនអិន
កំពូលភាពយន្តភាគថៃថ្មីមួយរឿងទៀតហើយ ពីភីអិនអិន ដែលកំពុងតែត្រៀមខ្លួនចូលមកបង្ហាញនោះគឺរឿង «ឧក្រិដ្ឋជនចិត្តជា»។ ប្លែកពីសាច់រឿងមុនៗ ដែលភាគច្រើនផ្តោតទៅលើឈុតឆាកស្នេហា មនោសញ្ចេតនា ប៉ុន្តែការមកដល់នៃខ្សែភាពយន្តភាគថ្មីមួយនេះវិញ គឺមានលាយឡំនឹងគំនុំសងសឹក វាយប្រហារ យ៉ាងជក់ចិត្ត។

ជាសាច់រឿងមួយ ដែលរំលឹកថយក្រោយទៅរឿងរ៉ាវដ៏ឈឺចាប់មួយរបស់ក្មេងប្រុសអ្នកលេងម្នាក់ ដែលប្រវត្តិរបស់គេ ពោរពេញទៅដោយគំនុំឈាមមិនអាចបំភ្លេចបាន កាលពីទសវត្សទី ៦០ ។ ទស្សនិកជន នឹងកាន់តែបានទស្សនាពីការបង្ហាញឲ្យឃើញពីការរស់នៅ និងបរិបថជីវិត ដែលមានទាំងសប្បាយ ទាំងការរីកចម្រើន និងរឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់មនុស្សម្នាក់។ សម្រាប់អត្ថន័យនៃរឿងនេះ គ្រាន់តែជាការលើកឡើងមួយជ្រុងរបស់អ្នកនិពន្ធដែលចង់បង្កប់ទៅដោយអត្ថន័យឆ្លុះបញ្ចាំងពីតថភាពសង្គមនាសម័យនោះ ។ តួយ៉ាង ដូចជាក្មេងប្រុស ភឿក ដែលធំដឹងក្តីឡើងដោយការឈឺចាប់ ព្រោះតែត្រូវក្រុមជនពាលក្នុងសង្គមងងឹង បំផ្លាញគ្រប់យ៉ាង សូម្បីតែឪពុកជាទីស្រឡាញ់របស់គេ។ ភឿក ត្រឡប់មកវិញ ដោយទាមទារនូវអ្វីដែលពួកមនុស្សអាក្រក់ទាំងអស់នោះ ធ្លាប់ធ្វើទៅលើគ្រួសារគេកាលពីជាង ១០ ឆ្នាំមុន។

តើការត្រឡប់មកវិញរបស់ភឿក ដែលជាអ្នកលេងចិត្តបុណ្យម្នាក់នេះ នឹងនាំយកនូវឈុតឆាកល្អមើលអ្វីខ្លះ នៅក្នុងរឿង «ឧក្រិដ្ឋជនចិត្តជា» ?
សូមកុំភ្លេចរង់ចាំទស្សនាការចាក់ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕








