ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទីបំផុត! ក្រុមចោរវ័យក្មេងដៃស្អិត មុខសញ្ញាឆក់យ៉ាងសកម្មនាពេលទាបភ្លឺ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ ក្របួចជាប់បាន៤នាក់ហើយ

    BY Khmernote Media July 8, 2021
    ទីបំផុត! ក្រុមចោរវ័យក្មេងដៃស្អិត មុខសញ្ញាឆក់យ៉ាងសកម្មនាពេលទាបភ្លឺ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ ក្របួចជាប់បាន៤នាក់ហើយ

    រាជធានីភ្នំពេញ៖ ជនសង្ស័យដែលជាមុខសញ្ញាឆក់យ៉ាងសកម្មចំនួន៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ឃាត់ខ្លួនបានហើយ ខណៈដែលជនទាំងនេះចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ដំណើរតាមផ្លូវ ហើយជួបកម្លាំងកំពុងល្បាតទប់ស្កាត់ពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ទើបត្រូវកម្លាំងឡោមព័ទ្ធឃាត់ខ្លួនបានតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនសង្ស័យដែលត្រូវជាប់អន្ទាក់ទាំង៤នាក់នោះរួមមាន៖
    ទី១៖ឈ្មោះ ផាត មិថុនា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងប៉ះកង់ មានទីលំនៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី២៖ឈ្មោះចាន់ វឍ្ឍនវិបុល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅខណ្ឌឫស្សីកែវ។ ទី៣៖ឈ្មោះ ចំរើន ថុនា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៤៖ឈ្មោះ ភឿន សុភ័ក្រ្ក ដាវីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

    សម្ភារ៖ ដកហូតបានម៉ូតូម៉ាកហុងដាស្គូបពីដែលជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ២គ្រឿងគឺមានស៊េរីឆ្នាំ២០១៩ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1HE-6580 ១គ្រឿង និងស៊េរីឆ្នាំ២០២០ ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ1II-2348 ១គ្រឿង។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ លោកវរសេនីយ៍ត្រី ទូច ទី នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាប ទី១ បានដឹកនាំមន្ត្រី នៅក្រោមឱវាទចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ខណៈនោះក៏បានប្រទះឃើញជនសង្ស័យខាងលើកំពុងចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ពេលនោះគ្រាន់តែបានឃើញ កម្លាំង នគរបាលភ្លាមជនសង្ស័យទាំងនេះបានព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបាននគរបាលដេញធ្វើការឃាត់ខ្លួនបានភ្លាមៗរួចយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបទី១តែម្ដង។

    ក្រោយពេលឃាត់ខ្លួនសួរនាំជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានសម្រេចជាច្រើនលើករួចមកហើយ។ ដោយឡែកពេលនេះបម្រុងធ្វើសកម្មភាពឆក់ទៀត ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបែបនេះ។ បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យខ្លះៗហើយនគរបាលបាននិងកំពុងបន្តការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញ បន្តចាត់ការតាមច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: