ព្រឹកស្អែកវ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៤លាន ដូសទៀត ដែលកម្ពុជាបញ្ជាទិញពីចិន នឹងដឹកមកដល់កម្ពុជា
យោងតាមការចុះផ្សាយនៅលើ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២១ ស្អែកនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកមកដល់ប្រទេសកម្ពុជា។

កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១នេះ បូកទាំងវ៉ាក់សាំងចំនួន ៤លានដូសដែលនឹងដឹកមកនៅព្រឹកស្អែក កម្ពុជានឹងមានវ៉ាក់សាំងចំនួន ១៦,០២៤,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ

១-ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (សុីណូហ្វាម) ចំនួន ២,២០០,០០០ ដូស
២-ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤,០០០ ដូស
៣-ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន សុីណូវ៉ាក់ ចំនួន ១០,៥០០,០០០ ដូស និង សុីណូហ្វាម ចំនួន ៣,០០០,០០០ ដូស។
ហើយវ៉ាក់សាំងកូវីដ-១៩ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
សូមបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ៦លានដូស ជាបន្តបន្ទាប់មានដូចខាងក្រោម
*នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១
– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូហ្វាម មកដល់ចំនួន ១,០០០,០០០ដូស
*ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១
– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤លានដូស(សុីណូហ្វាម)ចំនួន ១,០០០,០០០ដូស និង(សុីណូវ៉ាក់)ចំនួន ៣,០០០,០០០ដូស
*ពាក់កណ្ដាល ខែកក្កដា ឆ្នាំ ២០២១
– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (សុីណូហ្វាម) មកដល់ចំនួន ១,០០០,០០០ដូស
សូមជម្រាបថា យោងតាមចំណារយល់ព្រម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងមកដល់ចំនួន ៦,០០០,០០០ដូសនេះ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី តាមបណ្តាខេត្តនានានៅទូទាំងប្រទេសតាមផែនការដែលបានគ្រោងទុក។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋសរុបទូទាំងប្រទេសបានចំនួន ៤,៧៥០,២៦៥នាក់ ស្មើនឹង ៤៧.៥០%។

ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា