កូរ៉េខាងត្បូងបានរាយការណ៍ពីករណីជំងឺកូវីដ១៩ ថ្មីច្រើនជាង ១,៣០០ ករណីក្នុងមួយថ្ងៃ ជាលើកដំបូងបំផុតមិនធ្លាប់មានពីមុន
- BY
- autoadmin
- July 9, 2021
ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១,៣១៦ ករណី កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ ដែលជាការកើនឡើងដល់ ១,៣០០ ករណី ជាលើកដំបូងបំផុតដែលខ្លួនធ្លាប់កត់ត្រា។ ពោលគឺភាគច្រើននៃករណីថ្មី គឺជាជំងឺ COVID-19 បំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬហៅថា Delta ដោយមាន ៧៥% ឆ្លងនៅតំបន់ជុំវិញរដ្ឋធានីសេអ៊ូល ជាមួយនឹងករណីចំនួន ៥០៣ នៅទីក្រុងសេអ៊ូល និង ៤០៥ ករណី នៅខេត្ត Gyeonggi ដែលនៅជិតខាង។

រដ្ឋាភិបាលបានសម្រេចចិត្តដាក់ចេញនូវវិធានការណ៍គម្លាតសង្គមដ៏តឹងរឹងបំផុតកម្រិតទី៤ សម្រាប់តំបន់សេអ៊ូល សម្រាប់រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ ហើយវាគឺជាច្បាប់ដែលទើបតែត្រូវបានណែនាំនាពេលថ្មីៗនេះប៉ុណ្ណោះ។ តាមវិធានកម្រិតទី៤ មានន័យថា ការប្រមូលផ្តុំនឹងត្រូវបានកំណត់សម្រាប់មនុស្ស ៤នាក់ នៅពេលថ្ងៃ និងមនុស្ស ២នាក់ បន្ទាប់ពីម៉ោង ៦ល្ងាច។ ការធ្វើបាតុកម្មជាក្រុមក៏នឹងត្រូវហាមឃាត់ដែរ ខណៈពិធីមង្គលការ និងពិធីបុណ្យសព អាចត្រូវបានចូលរួមដោយសាច់ញាតិ ហើយព្រឹត្តិការណ៍កីឡានឹងត្រូវធ្វើឡើងដោយគ្មានអ្នកទស្សនាឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






