សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលនឹងបន្តទិញវ៉ាក់សាំងកូវីដ-១៩ និងសម្រេចបន្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានតាមផែនការកំណត់ ព្រមទាំងពិចារណាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី៣ និងក្រោមអាយុ១៨ឆ្នាំ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធអនឡាញ (Zoom) នាព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តទិញវ៉ាក់សាំងកូវីដ-១៩ និងសម្រេចបន្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានតាមផែនការកំណត់ ព្រមទាំងពិចារណាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី៣និងក្រោមអាយុ១៨ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងប្រជុំនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ ស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ឧបករណ៍តេស្ដរហ័សដោយសន្សំសំចៃ និងប្រើថវិកាសន្សំដើម្បីទិញឧបករណ៍តេស្ដរហ័សសម្រាប់ប្រើប្រាស់នៅក្នុងសាម៉ី ក្រសួង-ស្ថាប័ន។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តនៅតាមព្រំដែន និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការធ្វើចត្តាឡីស័កចំពោះពលករនិងប្រជាពលរដ្ឋដែលឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជាឱ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី DELTA ដ៏កាចសាហាវកុំឱ្យចូលមកក្នុងសហគមន៍។
សម្ដេចតេជោ បានស្នើឱ្យគ្រប់ក្រសួងស្ថាប័នត្រូវអនុវត្តន៍ការងារតាមប្រព័ន្ធអនឡាញ ដើម្បីធានារក្សាប្រក្រតីភាពការងារនិងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធអនឡាញ (Zoom)នេះដែរ អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តបញ្ជូន«សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់» ទៅសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិផងដែរ៕ ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល
