សមត្ថកិច្ចចាប់បានក្រុមបន្លំ និងលួចភ្ញៀវតាមអនឡាញ
រាជធានីភ្នំពេញ៖ ជនសង្ស័យ២រូប ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅលំនៅដ្ឋានពួកគេ នាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មកសាកសួរ ទៅតាមបណ្តឹងរបស់ម្ចាស់អាជីវកម្ម ផ្សារធម្មជាតិ24 ដែលគេស្គាល់ថា ជាផ្សារលក់ផលិតផលកសិផល និងអាហារសុវត្ថិភាព។ ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ គ.ស.គ មានមុខរបរ ជាអ្នកលក់អនឡាញ និងទី២ ឈ្មោះ យ.រ.វ ជាភេទទី៣ ជាអ្នកដឹកជញ្ជូន។

ប្រភពបានឱ្យដឹងថា ជនសង្ស័យតែងតែតាមដានផេក របស់ផ្សារធម្មជាតិ24 ដើម្បីរកអតិថិជនរូបណា ដែល Comment សួររកទិញទំនិញពីផ្សារ ដែលលក់តែផលិតផលកសិផល និងអាហារសុវត្ថិភាព រួចពួកគេចាប់ផ្ដើមទាក់ទងទៅអតិថិជននោះភ្លាម ដោយចរចាលើតម្លៃ និងផ្ញើទំនិញ (បន្លែឬផ្លែឈើជាដើម) យកទៅប្រគល់ឱ្យអ្នកបញ្ជាទិញ ដោយយកទំនិញគ្មានគុណភាព និងសុវត្ថិភាពទៅលក់ឱ្យ។
ជាបន្តបន្ទាប់ ក៏មានការត្អូញត្អែរពីអតិថិជនមួយចំនួន មកកាន់ផ្សារធម្មជាតិ២៤ ព្រោះពួកគាត់មិនបានដឹងថាបញ្ជាទិញ ចាញ់ល្បិចកលរបស់ជនឆបោកទាំងនេះនោះទេ ដែលយកបន្លែឬផ្លែឈើទាំងកេសៗ មិនមានគុណភាពគ្រប់គ្រាន់ និងសុវត្ថិភាព។
មូលហេតុនេះហើយ ទើបផ្សារធម្មជាតិ ចាប់ផ្ដើមស្រាវជ្រាវ រហូតដឹងថា អតិថិជនរូបនោះ បញ្ជាទិញខុសតាមរយៈអ្នកបន្លំប៉ុណ្ណោះ បង្កផលប៉ះពាល់ដល់កិត្តិយស និងប៉ះពាល់ដំណើរអាជីវកម្មរបស់ផ្សារធម្មជាតិ ខាតចំណូល និងបាត់បង់ទំនុកចិត្ត ពីអតិថិជនមួយចំនួន ដោយសារការចាញ់កល របស់ក្រុមនេះ ៕



ដោយ៖ បងម៉េង ខ្មែរណូត