ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រឹមតែ២ថ្ងៃសោះ ឆ្មក់ចាប់បានរថយន្តដឹកលើសទម្ងន់ ចំនួន ២០គ្រឿងក្នុងខេត្តចំនួន៣នេះ

    BY Khmernote Media July 14, 2021
    ត្រឹមតែ២ថ្ងៃសោះ ឆ្មក់ចាប់បានរថយន្តដឹកលើសទម្ងន់ ចំនួន ២០គ្រឿងក្នុងខេត្តចំនួន៣នេះ

    ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល២ថ្ងៃ គឺថ្ងៃទី១២-១៣ ខែកក្កដានេះ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចុះចាប់ និងពិន័យរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន២០គ្រឿង ក្នុងខេត្តសៀមរាប កណ្តាល និងកំពង់ស្ពឺ។

    ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី១៤ ខែកក្កដានេះថា ចំពោះប្រតិបត្តិការនៅខេត្តសៀមរាប គឺស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន១៣គ្រឿង ដោយក្នុងនោះលើសទម្ងន់កម្រិតកំណត់ចាប់ពី៥តោន ដល់ ២៨តោន ចំនួន៧គ្រឿង ក្នុងនោះយានយន្តចំនួន៣គ្រឿងដែលលើសចាប់ពី២០ភាគរយនៃទម្ងន់អនុញ្ញាត ត្រូវឃាត់ទុករយៈពេល១ឆ្នាំ។

    ដោយឡែក នៅខេត្តកណ្តាល លើផ្លូវជាតិលេខ២០ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន៧គ្រឿង ដោយក្នុងនោះលើសទម្ងន់កម្រិតកំណត់ចាប់ពី ១០តោន ដល់២២តោនទាំង៧គ្រឿង និងត្រូវបានឃាត់ទុករយៈពេល១ឆ្នាំដូចគ្នា។

    ក្នុងប្រតិបត្តិការចុងក្រោយ គឺលើផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន៦គ្រឿង ដោយដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី១៥តោនដល់២០តោន ទាំង៦គ្រឿង ក្នុងនោះយានយន្តចំនួន ៤គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី២០ភាគរយ នៃទម្ងន់អនុញ្ញាត ត្រូវបានឃាត់ទុក១ឆ្នាំ។

    យោងតាមទិន្នន័យខាងលើ យានយន្តចំនួន២០គ្រឿង ត្រូវបានពិន័យ ក្នុងនោះយានយន្ត ចំនួន១៤គ្រឿងត្រូវឃាត់ទុកចំនួន១ឆ្នាំ ដោយអនុលោមតាម ច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹងស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

    ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំឭកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ជាថ្មីម្តងទៀតថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុត ដោយគ្មានការលើកលែងឡើយ៕

    Share This Post: