ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រឿងក្នុង​ជ្រូកខុសច្បាប់​​ប្រមាណ​១០​តោន​ នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

    BY Khmernote Media July 15, 2021
    គ្រឿងក្នុង​ជ្រូកខុសច្បាប់​​ប្រមាណ​១០​តោន​ នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

    ​បន្ទាយ​មាន​ជ័យ​ ៖​ សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​គ្រឿងក្នុង​ជ្រូក​ប្រមាណ​១០​តោន​ នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ល្មើសច្បាប់​ ដឹក​តាម​រថយន្ត​ធុន​ធំ​របស់​ថៃ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ស្តង់​ត្រី​ ក្រោយ​អគារ​ផ្កាយ​៣​ ក្នុងភូមិ​ក្បាលស្ពាន​១​សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

    ​លោក​ ហ៊ុយ​ ទូច​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​ បសុព្យាបាល​សត្វ​ ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថា​ កម្លាំង​របស់​លោក​ សហការ​គ្នា​ជាមួយ​នគរបាល​ប្រឆាំង​សេដ្ឋកិច្ច​បទល្មើស​ខេត្ត​ កម្លាំង​ជលផល​ខេត្ត​ បាន​បង្ក្រាប​ផលិតផល​សត្វ​ ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ មាន​សាច់​ជ្រូក​៨០​កេស​ និង​មាន​សាច់​មាន់​ ឆ្អឹង​មាន់​ច្រើន​ទៀត​ សរុប​ទំងន់​ប្រហែលជា​១០​តោន​ ។​

    ​លោក​ ហ៊ុយ​ ទូច​ បាន​បញ្ជាក់​ថា​ ផលិតផល​សាច់​ជ្រូក​ ដែល​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​បង្ក្រាប​នេះ​ ៖​ ទី​១-​គឺ​ពុំ​មានច្បាប់​អនុញ្ញាត​ ចេញពី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​អគ្គនាយកដ្ឋាន​ហើយ​មួយវិញទៀត​ ទាក់ទង​ទៅ​ និង​ការ​ដឹក​ជញ្ជូន​គឺ​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិ​យុ​ត្ត​ នៃ​ច្បាប់​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ និយាយ​រួមការ​ដឹក​ខុស​លក្ខណៈ​បច្ចេកទេស​ នៃ​ការ​វិញ​ខ្ចប់​ ដែល​ធ្វើ​ឲ្យ​ផលិតផល​ទាំងនេះ​ ខូចគុណភាព​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​យក​ទៅ​ទទួលទាន​ ។​

    ​លោក​ ហ៊ុយ​ ទូច​ បញ្ជាក់​ទៀត​ថា​ ផលិតផល​គ្រឿងក្នុង​ជ្រូក​ ឆ្អឹង​មាន់​ ទាំងនេះ​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ គឺ​ប្រមូល​យក​ទៅ​ដុត​កម្ទេច​ចោល​ដោយ​មិន​មានការ​លើកលែង​នោះ​ទេ​ ។​ ប៉ុន្តែ​មុន​ដុត​កម្ទេច​ចោល​ត្រូវ​យក​សំណាក​មក​វិភាគ​រកសារ​ធាតុគីមី​ដែល​បំផ្លាញ​សុខភាព​ ជា​មុន​សិន​ បន្ទាប់​មក​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​នីតិវិធី​ផង​ដែរ​៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: