ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរស្រុកអង្គរជុំ សម្រេចបិទផ្សារចារឈូកជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីវករក្នុងផ្សារនេះជាង៥០នាក់

    BY Khmernote Media July 15, 2021
    អាជ្ញាធរស្រុកអង្គរជុំ សម្រេចបិទផ្សារចារឈូកជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីវករក្នុងផ្សារនេះជាង៥០នាក់

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីវករនៅក្នុងផ្សារចាឈូក ចំនួន ៥២នាក់ រួចមក អាជ្ញាធរស្រុកអង្គរជុំ បានសម្រេចបិទផ្សារចារឈូកជាបណ្តោះអាសន្ន ចាប់តាំងពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះតទៅ ដើម្បីកាត់ផ្តាច់ការចម្លងនៃជំងឺកូវីដ-១៩។

    លោកអភិបាលស្រុកអង្គរជុំ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៤ ម្សិលមិញនេះ ក្រុមគ្រូពេទ្យបានសំណាកធ្វើតេស្តរកវិជ្ជមានកូវីដ-១៩ លើបងប្អូនជាអាជីវករ និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធសរុបចំនួន ៣៥២នាក់ ក្នុងនោះបានរកឃើញលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥២នាក់ ហើយនៅព្រឹកនេះ មន្ត្រីជំនាញក៏កំពុងយកសំណាកបន្តទៀត ដូច្នេះ ក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមាននៅក្នុងផ្សារចារឈូកនេះ និងអ្នកវិជ្ជមានផ្សេងៗទៀត សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់ ១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤ និង ០៧៧ ៧៨៩ ០០៧ ។

    គួររំលឹកថា គិតត្រឹមល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២,៧១១នាក់, បានព្យាបាលជាសះស្បើយចំនួន១,០៦០នាក់, ស្លាប់ចំនួន ២៦នាក់ និងចំនួន១,៦២៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post: