បើទៅដើរលេងនៅសិង្ហបុរី ដាច់ខាតកុំផឹកទឹកសុទ្ធប្រភេទនេះឲ្យសោះ បើមិនចង់មានបញ្ហាទេនោះ
បើយោងតាមអាជ្ញាធរគ្រប់គ្រងផ្នែកចំណីអាហាររបស់សិង្ហបុរីបានឲ្យដឹងថា ទឹកសុទ្ធម៉ាក Guang Li Liang ដែលជាផលិតផលរបស់ម៉ាឡេស៊ី និងត្រូវបានគេនាំយកមកលក់ក្នុងប្រទេសសិង្ហបុរីនោះ ត្រូវបានគេរកឃើញថា មានផ្ទុកនូវបាក់តេរីជាច្រើនប្រភេទដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ បើយោងតាមអាជ្ញាធរខាងលើបានបញ្ជាក់ថា បាក់តេរី ដែលគេរកឃើញនៅក្នុងទឹកសុទ្ធនោះ គឺដូចគ្នាទៅនឹងបាក់តេរី ដែលមាននៅក្នុងលាមក ដី ទឹកលូ និងទឹកឆៅធម្មតាជាដើម ដូចនេះវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សុខភាព។
ហើយអ្វីដែលកាន់តែអាក្រក់ទៀតនោះ គឺថាបាក់តេរីទាំងនោះជាប្រភេទបាក់តេរី ដែលអាចលូតលាស់បាន ដែលមានន័យថាប្រសិនបើអ្នកយកទឹកសុទ្ធនោះទៅដាក់នៅកន្លែងណាមួយនោះ បាក់តេរីដែលនៅក្នុងនោះនៅតែអាចបន្តលូតលាស់ ឬចម្លងទៅកាន់កន្លែងផ្សេងទៀតបានយ៉ាងងាយ។ មកទល់នឹងពេលនេះអាជ្ញាធរសិង្ហបុរីបានបំពាវនាវឲ្យប្រជាពលរដ្ឋខ្លួនប្រុងប្រយ័ត្នជាមួយនឹងទឹកសុទ្ធម៉ាក Guang Li Liang នេះ ហើយសម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាវិញក៏ត្រូវតែប្រុងប្រយ័ត្នដូចគ្នាដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz