សមត្ថកិច្ចចុះបង្ក្រាបក្រុមក្មេងស្ទាវប្រុសស្រី១៥នាក់ ពពាក់ពពូនគ្នាប្រើប្រាស់គ្រឿ-ង-ញៀ-ន-នៅក្នុងផ្ទះសំណាក់ឈ្មោះ អិលអេស ត្រូវសមត្ថកិច្ចខណ្ឌដូនពេញចុះបង្ក្រាបទាំងយប់
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានចុះបង្រ្កាបគ្រឿងញៀន នៅក្នុងផ្ទះសំណាក់ឈ្មោះអិលអេស នៅក្នុងនោះឃាត់ខ្លួន មនុស្សប្រុសស្រីបាន១៥នាក់ រួមទាំងគ្រឿងញៀន ប្រភេទក្រាមពណ៌សមួយចំនួនធំ។ ហេតុការណ៍ចុះបង្រ្កាបនេះធ្វើឡើង នៅវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥៣ ចំណុចក្នុងផ្ទះសំណាក់ អិលអេស ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋថា នៅទីតាំងក្នុងផ្ទះសំណាក់ឈ្មោះអិលអេស មានបង្កប់ទៅដោយក្មេងស្ទាវ ពពាក់ពពូនគ្នា និងលួចប្រើប្រាស់គ្រឿងញៀនទៀតផង បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានដំណឹងមួយនេះ ក៏បានចុះទៅបង្រ្កាបភ្លាមៗតែម្តង ជាក់ស្តែងនៅក្នុងការចុះបង្រ្កាបគ្រឿងញៀនមួយនេះ សមត្ថកិច្ចឃាត់បានមនុស្សប្រុសស្រីចំនួន១៥ នាក់ និងវត្ថុតាងដែលសមត្ថកិច្ចប្រមូលយកបានរួមមាន ក្រាមពណ៌សថ្លាចំនួន២៧កញ្ចប់តូច និងធំ៤កញ្ចប់ រួមទាំងទូរស័ព្ទ៦គ្រឿង ឧបករណ៍ប្រើប្រាស់ផ្សេងទៀតមាន ម៉ូតូ និងម៉ូតូកង់បីឥណ្ឌាបាន បញ្ជូនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ ទៅលើអ្នកដែលពាក់ព័ន្ធ ចំណែកអ្នកដែលមិនពាក់ព័ន្ធ សមត្ថកិច្ចនឹងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
បច្ចុប្បន្ន វត្តុតាងទាំងអស់ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌដូនពេញ ចំណែកឯមនុស្សប្រុសស្រីចំនួន១៥នាក់ សមត្ថកិច្ចកំពុងតែធ្វើការសាកសួរ អ្នកដែលពាក់ព័ន្ធ និងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ចំណែកម្ចាស់ផ្ទះសំណាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបណ្តោះអាសន្ន និងផ្អាកទីតាំង ផ្ទះសំណាក់ជាបណ្តោះអាសន្នផងដែរ៕
