ជនបរទេសស្នាក់នៅខេត្តសៀមរាប នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តនឹងធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបតាមគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹកតទៅ។ ចំពោះទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ១៩នេះ រដ្ឋបាលខេត្តនឹងរៀបចំឡើងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ការចាក់វ៉ាក់សាំងកូវីដ១៩នេះ គឺផ្តល់ជូនចំពោះជនបរទេសដែលបានធ្វើសំណើមករដ្ឋបាលខេត្តសៀមរាបនៅពេលកន្លងមក។ ជាមួយគ្នានេះ ចំពោះជនបរទេសទាំងឡាយណា ដែលមិនបានធ្វើសំណើមករដ្ឋបាលខេត្ត ហើយកំពុងរស់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប និងមានបំណងចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវទៅធ្វើការចុះឈ្មោះ នៅរដ្ឋបាលក្រុងសៀមរាបចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនជនបរទេសដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបនេះ គឺធ្វើឡើងតាមគោលការណ៍មិនគិតថ្លៃ និងស្របតាមគោលការណ៍ស្ម័គ្រចិត្ត។ ដូច្នេះចំពោះជនបរទេសទាំងឡាយណាដែលមានបំណងទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩នេះ សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធរួមមាន៖
១- លិខិតឆ្លងដែន ដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជានៅមានសុពលភាព (គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១)
២- ចំពោះជនបរទេទាំងឡាយណាដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសសុពលភាព ហើយមានបំណងចាក់វ៉ាក់សាំង ត្រូវទៅធ្វើការពន្យាទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជាស្របតាមនីតិវិធីដែលមានជាធរមាន។
៣- លិខិតបញ្ជាក់សុខភាព ឬវេជ្ជបញ្ជានៃការប្រើប្រាស់ថ្នាំនានា ដែលកំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃ (ប្រសិនបើមាន)។
