ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមចោរទាក់ឆ្កែអាជីព បើកម៉ូតូធ្វើសកម្មភាពទាក់ឆ្កែរបស់ប្រជាពលរដ្ឋនៅម្ដុំទួលទំពូង ត្រូវបានសមត្ថកិច្ចខណ្ឌចំការមនប្រទះឃើញ ដេញតាមរហូតដល់ខណ្ឌឬស្សីកែវ ទើបជនសង្ស័យផ្ដួលម៉ូតូរត់ចូលទន្លេបាត់

    BY Khmernote Media July 20, 2021
    ក្រុមចោរទាក់ឆ្កែអាជីព បើកម៉ូតូធ្វើសកម្មភាពទាក់ឆ្កែរបស់ប្រជាពលរដ្ឋនៅម្ដុំទួលទំពូង ត្រូវបានសមត្ថកិច្ចខណ្ឌចំការមនប្រទះឃើញ ដេញតាមរហូតដល់ខណ្ឌឬស្សីកែវ ទើបជនសង្ស័យផ្ដួលម៉ូតូរត់ចូលទន្លេបាត់

    រាជធានីភ្នំពេញ៖ ក្រុមចោរទាក់ឆ្កែអាជីពមានគ្នា២នាក់ ជិះម៉ូតូWave RSX ចេញធ្វើសកម្មភាពទាក់ឆ្កែរបស់ប្រជាពលរដ្ឋ នៅម្ដុំទួលទំពូង មិនញញើតសមត្ថកិច្ចបន្តិចសោះឡើយ ហ៊ានចូលទៅទាក់ឆ្កែដល់មុខផ្ទះ ហើយជិះអូសឆ្កែនឹងថ្នល់រហូតទាល់តែងាប់ទើបច្រកចូលប៉ាវ តែត្រូវជើងខ្លាំងខាងប្រដេញ P1 កម្លាំង ស៊ីវិលរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចេញប្រដេញតាមចាប់ក្រុមចោរទាក់ឆ្កែនោះ តែដោយសារម៉ូតូរបស់ជនសង្ស័យជិះជាម៉ូតូកែច្នៃម៉ាញុង មានល្បឿនលឿន ទើបកម្លាំងដេញតាមរហូតដល់ខណ្ឌឬស្សីកែវ ជនសង្ស័យបានផ្ដួលម៉ូតូរត់យករួចខ្លួនលោតចូលទន្លេបាត់ស្រមោល។

    ហេតុការណ៍អំពើចោរកម្ម ចោរលួច(ទាក់សត្វឆ្កែ)នេះ កើតឡើងកាលពីវេលាម៉ោង០២៖៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ នៅ ចំណុច ផ្លូវបំបែកជា ៥ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយតាមទៅឃាត់បានតែម៉ូតូនិងឆ្កែច្រកក្នុងបាវ៥ក្បាល នៅចំណុចផ្លូវលំមួយកន្លែង(ច្រកភូមិសាមគ្គី) នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    ជនសង្ស័យមានបក្ខពួក ២នាក់ ប្រើប្រាស់មធ្យោបាយធ្វើសកម្មភាពជិះម៉ូតូ ១គ្រឿងម៉ាកHonda Wave RSX ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1J-3431 កម្លាំងម៉ាស៊ីន110cc (ប៉ុន្តែកែច្នៃម៉ាញុងម៉ូតូ)។ ក្នុងនោះសមត្ថកិច្ច បានចាប់យកវត្ថុតាង ដែលក្រុមចោរ រត់ចោលរួមមាន៖ សត្វឆ្កែ ៥ក្បាល, បាវដាក់ឆ្កែ ១ពណ៌ខៀវ, ងក (ឧបករណ៍) សំរាប់ទាក់ឆ្កែ១, និងម៉ូតូដែលជិះធ្វើសកម្មភាពខាងលើចំនួន ១គ្រឿង។

    ករណីនេះ លោកវរសេនីយ៍ទោ ផន អន អធិការរងខណ្ឌចំការមន ទទួលផែនព្រហ្មទណ្ឌ (បាសាក់០៤)បានប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា នៅយប់ថ្ងៃកើតហេតុមានជនសង្ស័យ ២នាក់ ជិះម៉ូតូWave RSX មួយគ្រឿងឌុបគ្នា (ដែលគេស្គាល់ថា ជាក្រុមចោរទាក់ឆ្កែអាជីព) ដើរធ្វើសកម្មភាពទាក់ឆ្កែរបស់ប្រជាពលរដ្ឋនៅម្ដុំផ្លូវបំបែកជា៥ ជិតស្តុបទំនប់ទឹក បានជាច្រើនក្បាលច្រកឡើងពេញបាវ ហើយដឹកជិះគេចខ្លួនពេលនោះកម្លាំង ល្បាតស៊ីវិលរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំដោយលោកផ្ទាល់ ជាអធិការរងខណ្ឌចំការមន បានប្រទះឃើញក៏ ចេញប្រដេញតាមចាប់ ក្រុមចោរទាក់ឆ្កែអាជីពនោះ។ ប៉ុន្តែនៅពេលឃើញកម្លាំងសមត្ថកិច្ចក្រុមជនសង្ស័យ បានបន្ថែមល្បឿនជិះរត់គេចខ្លួន ទើបសមត្ថកិច្ចនិងកម្លាំងស៊ីវិល ដែលមានលោក P1 ជួយប្រដេញតាម រហូតដល់ផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ជនសង្ស័យក៏បានជិះរត់ចូលផ្លូវលំតូចមួយ(ជិតច្រកភូមិសាមគ្គី) ហើយជនសង្ស័យក៏ទម្លាក់បាវច្រកឆ្កែ ដែលទើបទាក់បាន៥ ក្បាលចោល រួចផ្ដួលម៉ូតូនាំគ្នារត់យករួចខ្លួនលោតចូលទន្លេបាត់ស្រមោល។

    យ៉ាងណាក្តីសមត្ថកិច្ចក៏បានដឹកយកឆ្កែ ៥ក្បាលនឹងវត្ថុតាងទាំងអស់នោះ យកមកធ្វើកំណត់ហេតុបន្តការស្រាវជ្រាវតាមចាប់មុខសញ្ញា ដែលជាក្រុមចោរទាក់ឆ្កែអាជីពដែលទាក់ឆ្កែរបស់ប្រជាពលរដ្ឋនាំមកផ្តន្ទាទោសតាមឲ្យខាងតែបាន ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: