ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ប្រគល់អំណោយសម្ដេចតេជោ ហ៊ុន សែន ជូនជ័យលាភីចាក់វ៉ាក់សាំងលេខរៀងទី ៦លាន
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន១០លានរៀល និងសម្ភារ ឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៦លាន ដែលបានទៅលោកស្រី ផេង សឿន អាយុ៦៧ ជាកសិករ សព្វថ្ងៃរស់នៅស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

គួររម្លឹកដែរថា នៅលើផេកផ្លូវការកាលពីព្រលប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា មកដល់ថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់ ស្មើនឹង៦០ ភាគរយ នៃប្រជាជន១០លាននាក់ ដែលត្រូវចាក់។ សម្ដេចតេជោបន្តថា លេខរៀងទី៦លានបានទៅលើប្អូនស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិកររស់នៅ ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារផ្សេងទៀតដែលជាជំនួយ របស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់។
សូមជម្រាបដែរថា គិតត្រឹមយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦ ០៦១ ៣០៥ នាក់។ ដូច្នេះសម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ គឺសម្រេចបានចំនួន៦០,៦១ភាគរយហើយ៕



ប្រភព៖ ក្រសួងព័ត៌មាន