ចិនមួយក្រុមជួលទូកជិះកម្សាន្ត មកដល់ពាក់កណ្ដាលទន្លេ ស្រាប់តែគូស្នេហ៍មួយគូឈ្លោះប្រកែកគ្នា ខាងបុរសលោតចូលទន្លេ ហើយខាងស្រីលោតទៅតាម ចុងក្រោយជួយបានតែខាងប្រុស ឯខាងស្រីរកមិនឃើញ
រាជធានីភ្នំពេញ៖ ជនជាតិចិនប្រុសស្រីចំនួន០៤នាក់ បានជួលកាណូតទេសចរណ៍មួយគ្រឿង ជិះកម្សាន្តលំហែអារម្មណ៍ ស្រូប ខ្យល់អាកាសបរិសុទ្ធ នៅតាមដងទន្លេមេគង្គ និងទន្លេចតុមុខ មកដល់កណ្តាលទន្លេស្រាប់តែឈ្លោះប្រកែកគ្នា ស្រាប់តែបុរសជនជាតិចិនម្នាក់លោតចូលទៅក្នុងទឹកទន្លេ បន្ទាប់មកស្រាប់តែនារីម្នាក់ទៀតលោតទៅតាមក្រោយ ត្រូវបានម្ចាស់ទូកជួយសង្គ្រោះបានបុរសម្នាក់ស្រង់យកមកលើគោក ចំណែកនារីរងគ្រោះបានលិចទៅក្នុងទឹកទន្លេបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីម្ចាស់ទូកបានឲ្យដឹងថា ដំបូងឡើយមានជនជាតិចិនប្រុសស្រីចំនួន០៤នាក់(ស្រីម្នាក់) បានមកជួលទូករបស់គាត់ក្នុងតម្លៃ៣០ដុល្លារ កម្សាន្តលំហែអារម្មណ៍ស្រូបខ្យល់អាកាសបរិសុទ្ធ នៅតាមដងទន្លេមេគង្គ និងទន្លេចតុមុខ មកដល់កណ្តាលទន្លេ ហើយគាត់ក៏បានបើកទៅដល់ត្រើយម្ខាង រួចក៏បានវិលត្រឡប់មកវិញ ខណៈដែលបើកមកដល់ពាក់កណ្តាលទន្លេ ស្រាប់តែជនជាតិចិនប្រុសស្រី ០២នាក់ ដែលជាគូសង្សារនឹងគ្នានោះ បានឈ្លោះប្រកែកគ្នានៅលើទូក ស្រាប់តែបុរសជនជាតិចិនម្នាក់លោតចូលទៅក្នុងទឹកទន្លេ បន្ទាប់មកស្រាប់តែនារីម្នាក់ទៀតលោតទៅតាមក្រោយ ត្រូវបានម្ចាស់ទូកជួយសង្គ្រោះបានបុរសម្នាក់ស្រង់យកមកលើគោក ចំណែកនារីរងគ្រោះបានលិចទៅក្នុងទឹកទន្លេបាត់ស្រមោល។
ក្រោយពេលកើតហេតុ ម្ចាស់ទូកបានបើកមកចតនៅអែបច្រាំងទន្លេ រួចក៏រាយការណ៍ទៅសមត្ថកិច្ចខណ្ឌដូនពេញ ដើម្បីចុះមកពិនិត្យកន្លែងកើតហេតុ បន្ទាប់មកក៏មានខាងបុរសជាជនជាតិចិនមកគ្រាចេញទៅមន្ទីរពេទ្យបាត់ទៅ ៕










ដោយ៖ បងម៉េង ខ្មែរណូត