មន្រ្តីរាជការជាង១០នាក់នៅកោះកុង រកឃើញមានវិជ្ជមានកូវីដ១៩
កោះកុង៖ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា គ្រូពេទ្យរកឃើញក្រុមមន្រ្តីរាជការស៊ីវិលសរុបជាង១០នាក់ហើយដែលមានវិជ្ជមានកូវីដ ក្រោយយុទ្ធនាការធ្វើតេស្តរហ័សអស់ពេល៣ថ្ងៃមកនេះតាមការណែនាំរបស់អភិបាលខេត្ត។ យ៉ាងហោចណាស់មានមន្រ្តីរាជការ១០នាក់/ស្រ្តី៣នាក់ ដែលរកឃើញមានវិជ្ជមានកូវីដ១៩ ជាប្រភេទជំងឺកូវីដកម្រិតស្រាលប៉ុណ្ណោះដោយគ្រូពេទ្យអាចគ្រប់គ្រងព្យាបាលបានយ៉ាងល្អ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែកក្កដានេះ ។ បើតាមការបញ្ជាក់របស់លោក ទូ សាវុធ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកោះកុង។

លោកអភិបាលរងខេត្ត សង្កត់ធ្ងន់ដែរថា ៣ថ្ងៃមកនេះ មានមន្រ្តីរាជការតាមមន្ទីរអង្គភាពនីមួយៗជុំវិញបានអនុវត្តទៅតាមការណែនាំរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសុខភាពខ្លួនឯងផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីជៀសវាងផុតពីការឆ្លងជំងឺកូវីដ១៩។ មន្រ្តី១០នាក់ដែលរកឃើញមានវិជ្ជមានបានបញ្ចូនទៅសម្រាកព្យាបាលនៅអគារព្យាបាលវិទ្យាល័យកោះកុងរួចរាល់ហើយ ក្រោមពិនិត្យតាមដានបន្ថែមរបស់ក្រុមគ្រូពេទ្យនៅទីនោះ។
ក្រៅពីការតេស្តលើក្រុមមន្រ្តីរាជការទូទាំងខេត្ត រដ្ឋបាលខេត្តនឹងពិនិត្យបន្តការធ្វើតេស្តរហ័សចំពោះពលរដ្ឋដែលរស់នៅក្នុងផ្ទុះជំងឺកូវីឌខ្លាំងជាងគេ ក្នុងគោលបំនងដើម្បីទប់ស្កាត់ការរីករាលដាលបានទាន់ពេលវេលាបំផុត។
តាមលោកទូ សាវុធ ក្រុមការងារជំនាញនឹងចុះទៅធ្វើតេស្តយកសំណាកនៅឃុំថ្មស ស្រុកបូទុមសាគរ និងឃុំកោះស្តេច ស្រុកគិរីសាគរ ខណៈឃុំថ្មរកឃើញជាង១០០មានវិជ្ជមានកូវីដ រីឯឃុំកោះស្តេចមានមនុស្ស១៤នាក់។
ទាក់ទិនបញ្ហាកូវីដនេះដែរ អាជ្ញាធរសមត្ថកិច្ចជំុវិញខេត្ត បានដុតដៃដុតជើងជាខ្លាំងក្លាលើការផ្សព្វផ្សាយព័ត៌មានអប់រំណែនាំគ្រប់វិធីសាស្រ្ត ស្វែងរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលធ្វើតេស្ត ព្រមទាំងបញ្ចូនទៅមណ្ឌលព្យាបាល ក្រោយពិនិត្យរកឃើញវិជ្ជមាន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកោះកុង សម្រួលផ្សាយដោយ៖ ធូ កុសល

ប្រភព៖ ក្រសួងព័ត៌មាន