យប់មិញនេះ ក្រុមចោរ៣នាក់ ធ្វើសកម្មភាពយកឈើមកកល់ទ្វារពីក្រោមរួចលើកឲ្យផុតត្រចៀកទ្វាររបងដែកបានយ៉ាងស្រួល ហើយចូលលួចកាច់.ក ម៉ូតូ២គ្រឿង យកទៅលាក់ទុកកន្លែងស្ងាត់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី១ ល្បាតរកឃើញវិញ
រាជធានីភ្នំពេញ៖ ខណៈមេឃកំពុងធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ មួយប្រាវៗផងនោះ មានចោរមួយក្រុម បាននាំគ្នាធ្វើសកម្មភាពមកកល់ទ្វារពីក្រោមរួចលើកឲ្យផុតត្រចៀកទ្វាររបងដែកបានយ៉ាងស្រួល រួចបើកទ្វារចូលទៅលួចកាច់បំបែកសោរក យកម៉ូតូ ២គ្រឿងបានសម្រេច ហើយគេចខ្លួនបាត់ ខណៈពេលធ្វើសកម្មភាពអ្នកជិតខាងឃើញ ហើយជនសង្ស័យបានយកម៉ូតូទៅលាក់ទុកនៅផ្លូវទាល់មួយកន្លែង ជិតស្ពានទី៣ ហើយក៏រាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ចុះអន្តរាគមន៍ភ្លាមៗ ដោយរកឃើញម៉ូតូ២គ្រឿងយកមករក្សាទុកនៅស្នាក់ការប៉ុស្តិ៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣៖០៣នាទីទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះបោកអ៊ុតមួយកន្លែងយីហោ “ភូមិបុរី បោកអ៊ុត” ផ្ទះលេខ១៣៩D ផ្លូវបេតុង២១BT ភូមិសន្សំកុសលទី១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម្ចាស់ម៉ូតូរងគ្រោះទាំងពីរគ្រឿងមានដូចជា៖ ទី១.ម៉ូតូម៉ាកហុងដាប៊ីត(Honda Beat) ពណ៌ក្រហមស ពាក់ស្លាកលេខបាត់ដំបង 1AA-8662 ម្ចាស់មានឈ្មោះ ក្រូច សៀកលី ភេទស្រី អាយុ២១ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលផ្ទះកើតហេតុខាងលើ។ ទី២.ម៉ូតូម៉ាកហុងដាស្គូបពី(Honda Scoopy) ពណ៌ស ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1GW-0782 ដែលមានម្ចាស់ឈ្មោះ ឌី ស៊ីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានស្រុកកំណើតនៅឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅជាមួយស្វាមីនៅបន្ទប់ជួលផ្ទះកើតហេតុ ខាងលើ។
បើតាមសម្ដីលោកវរសេនីយ៍ត្រី ឈិន ចំរើន នាយប៉ុស្តិ៍បឹងទំពន់ទី១ បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា ម៉ូតូ២គ្រឿងដែលសមត្ថកិច្ចចុះទៅរកឃើញនោះ នៅមុនពេលកើតហេតុ ខណៈពេលមេឃកំពុងភ្លៀង និងលាយឡំជាមួយខ្យល់ កន្ត្រាក់មួយប្រាវៗផងនោះ បើតាមរូបភាពដែលថតបានតាមរយៈកាមេរ៉ាសុវត្ថិភាព មានជនសង្ស័យមួយក្រុមមានគ្នា ៣នាក់ បានដើរមកធ្វើសកម្មភាពមកកល់ទ្វារពីក្រោមរួចលើកឲ្យផុតត្រចៀកទ្វាររបងដែកបានយ៉ាងស្រួល រួចផ្ដួលចោលទៅលើផ្លូវ ហើយបើកទ្វារចូលទៅលួចកាច់បំបែកសោរក យកម៉ូតូ ២គ្រឿងបានសម្រេច ហើយគេចខ្លួនបាត់អស់ទៅ។ អំឡុងពេលធ្វើសកម្មភាពនោះមានប្រជាពលរដ្ឋជិះម៉ូតូឌុបគ្នាតាមផ្លូវបានប្រទះឃើញ ជនសង្ស័យមួយក្រុម បានយកម៉ូតូចំនួន២គ្រឿង ទៅលាក់ទុកនៅផ្លូវទាល់មួយកន្លែង ក្នុងសង្កាត់បឹងទំពន់ទី១ ហើយគេចខ្លួនបាត់អស់ទៅ ទើបពួកគេប្រញាប់ប្រញាល់ទៅរាយការណ៍ប្ដឹងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី១ ចុះអន្តរាគមន៍ភ្លាមៗ ដោយរកឃើញម៉ូតូ២គ្រឿងយកមករក្សាទុកនៅស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី១សិន ដើម្បីអោយជនរងគ្រោះជាម្ចាស់ម៉ូតូយកឯកសារពាក់ព័ន្ធមកបញ្ជាក់ ផ្ទៀងផ្ទាត់ទើបប្រគល់ជូនវិញ។ បន្ទាប់ពីរកឃើញម៉ូតូហើយ ជនរងគ្រោះដែលជាម្ចាស់ម៉ូតូពុំបានដាក់ពាក្យបណ្ដឹងអ្វីនោះទេ គឺគ្រាន់តែសុំយកម៉ូតូទៅវិញប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ បុរសម្នាក់ដែលជាប្ដីស្ត្រីម្ចាស់ម៉ូតូរងគ្រោះ ក៏បានថ្លែងអំណរគុណដូច្នេះថា ទោះបីមានចោរលួចគាស់ទ្វារផ្ទះនេះកើតឡើង ចំពោះពួកគាត់ក៏ដោយ តែរូបគាត់ពិតជាអរគុណដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ នៃអធិការដ្ឋានខណ្ឌមានជ័យ ដែលបានចុះទៅជួយអន្តរាគមន៍ និងអរគុណដល់ប្រជាពលរដ្ឋជាអ្នកប្រទះឃើញ ហើយមកប្ដឹងសមត្ថកិច្ចអោយចុះទៅចាប់ក្រុមចោរទាំងនោះដែរ តែជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់អស់ទៅ ហើយទោះជាចាប់ក្រុមចោរទាំងនោះមិនទាន់បាន តែយ៉ាងហោចណាស់សមត្ថកិច្ចក៏បានរកឃើញម៉ូតូរបស់ពួកគាត់ វិញភ្លាមៗ។
បច្ចុប្បន្នជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេ និងយកឯកសារ ពាក់ព័ន្ធមកអោយសមត្ថកិច្ចពិនិត្យ ផ្ទៀងផ្ទាត់ជាមួយម៉ូតូត្រឹមត្រូវហើយ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី១ ក៏បានប្រគល់ម៉ូតូជូនជនរងគ្រោះវិញផងដែរ ៕












ដោយ៖ បងម៉េង ខ្មែរណូត