ក្រសួងធនធានទឹក ប្រកាសពីស្ថានភាពទឹកទន្លេមេគង្គហក់ឡើង ដែលអាចជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គនៅខេត្តទាំង៤នេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពទឹកទន្លេមេគង្គ ដោយក្នុងរយៈពេលកន្លងមក ព្យុះទី៧ ឈ្មោះ សេមប៉ាកា(CEMPAKA) និងបណ្ដាឥទ្ធិពលនៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិត ពីបង្គួរ ទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើមាន៖ ចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាប ភាគឦសានប្រទេសកម្ពុជា។

ស្ថានភាពបែបនេះ បានធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើង ហើយនឹងបន្តឡើងក្នុងរយៈពេលពី ៣ទៅ៤ ថ្ងៃខាងមុខទៀត ដែលអាចបណ្ដាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បុងឃ្មុំ។ តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវមានការប្រុងប្រយ័ត្ននៅឡើយនោះទេ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនអាជ្ញាធរដែនដីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេមេគង្គ និងតំបន់ទំនាបនានា ជ្រាបជាព័ត៌មាន និងរួសរាន់ប្រមូលកសិផលឲ្យបានទាន់ពេលវេលា និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology