ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសពីការលុបបំបាត់ជាបន្ទាន់រាល់ការហៅចូលមកលេខទូរសព្ទរបស់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មបន្ថែមរបស់ខ្លួន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ សូមជម្រាបជូនសាធារណជនជ្រាបថា កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានរកឃើញថា ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តមួយចំនួនបាន ប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាជាច្រើន ហៅចូលទៅកាន់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពី សេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិនបានចុះឈ្មោះប្រើប្រាស់ជាមុន ដែលសកម្មភាពនេះបាន រំខានដល់ជីវភាពប្រចាំថ្ងៃនិងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់។ ក្នុងន័យនេះ ន.ទ.ក បានចេញសេចក្តីណែនាំ ដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ដូចខាងក្រោម៖

១.បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់តាមការហៅចូលលេខទូរសព្ទចល័តជាបន្ទាប់ ព្រោះសេវាហៅ ចូលនេះពុំមានការចុះឈ្មោះប្រើប្រាស់ជាមុនដោយអ្នកប្រើប្រាស់ឡើយ។
២.បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់លេខកូដទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាតពី ន.ទ.ក ។
ក្នុងករណីប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តពុំអនុវត្តតាមការណែនាំខាងលើនេះទេ ក.ប.ទ នឹងចាត់វិធានការ ម៉ឺងម៉ាត់ ដោយណែនាំឱ្យ ន.ទ.ក បង្ករាល់ការស្នើសុំនានារបស់ប្រតិបត្តិករទាំងនោះ ព្រមទាំងចាត់វិធានការ ស្របតាមមាត្រា៦៩ និងមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications