ឯកសារចាំបាច់ ដែលអាណាព្យាបាលត្រូវភ្ជាប់ជាមួយពេលនាំកូន ក្មួយ ឬចៅ ទៅចាក់វ៉ាក់សាំងបង្ការកូវីដ
នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងឱកាសប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ដោយមានការចូលរួមផងដែរពីសម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នឹងចាប់ផ្តើមបើកយុទ្ធនាការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់នៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែល គ.វ.ក-១៩ នឹងរៀបចំចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងនេះ។
តាមរយៈកិច្ចសំភាសន៍រវាងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយទូរទស្សន៍ BTV បានឲ្យដឹងថា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំនេះ ឯកសារចាំបាច់ ដែលអាណាព្យាបាលត្រូវមានពេលនាំកូន ក្មួយ និងចៅ សម្រាប់យកទៅបង្ហាញពេលចាក់វ៉ាក់សាំងរួមមាន៖
+ ទី១ សំបុត្រកំណើត ដើម្បីកំណត់ឲ្យបានត្រឹមត្រូវនូវអាសយដ្ឋាន និងអាយុពិតប្រាកដរបស់កុមារ
+ ទី២ ប្រសិនបើមិនមានសំបុទ្រកំណើតទេ ក៏អាចមានជា passport ក៏បានដែរ
+ ទី៣ បើមិនមាន passport ទេ គឺអាចសៀវភៅគ្រួសារ ជាទូទៅក្រុមគ្រួសារនីមួយៗតែងតែមានសៀវភៅគ្រួសារ។ នេះគឺជាឯកសារគតិយុត្តិ ដែលតម្រូវឲ្យបងប្អូនដែលនាំកូន ក្មួយ ចៅ ទៅចាក់វ៉ាក់សាំង គឺកាន់យកទៅជាមួយ។
