ក្រសួងសុខាភិបាលត្រៀមទីតាំង និងសម្ភារបរិក្ខារបន្ថែមក្នុងការសង្រ្គោះអ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរ
ភ្មំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសុខាភិបាលត្រៀមរួចជាស្រេចទាំងទីតាំង សម្ភារបរិក្ខារពេទ្យ ក្នុងការសង្រ្គោះអ្នកជំងឺកូវីដ១៩ ដែលវិវឌ្ឍន៍ទៅរកសភាពធ្ងន់ធ្ងរ ខណ:ដែលបច្ចុប្បន្ននេះនៅកម្ពុជា គេសង្កេតឃើញថា អាចមានអ្នកជំងឺកូវី១៩ ចំនួនពី១០ទៅ១៥ភាគរយ ឈានទៅរកការវាយលុកខ្លាំងពីមេរោគ ដ៏កាចសាហាវនេះ ហើយអ្នកជំងឺទាំងនោះ ត្រូវការប្រើប្រាស់ឧបករណ៍ជំនួយផ្លូវដង្ហើម ជាចាំបាច់។

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ស្ថានភាពអ្នកជំងឺកូវីដ១៩នៅកម្ពុជា ពី១០ទៅ១៥ភាគរយអាចវិវឌ្ឍន៍ទៅភាពធ្ងន់ធ្ងរដោយសារអ្នកជំងឺទាំងនោះ មានជំងឺប្រចាំកាយ មានវ័យចំណាស់ និងអ្នកជំងឺមួយចំនួនព្យាបាលដោយខ្លួនឯង ដោយលាក់បាំងមិនបានប្រឹក្សា ជាមួយក្រុមគ្រូពេទ្យជំនាញជាមុន ដែលបណ្តាលឲ្យជំងឺកម្រិតស្រាលឈានទៅរកកម្រិតធ្ងន់។ ឯកឧត្តមបន្តថា ដោយសារជំងឺកូវីដ-១៩ រាលដាល យ៉ាងឆាប់រហ័សបច្ចុប្បន្ននេះ ក្រសួងសុខាភិបាលបានត្រៀមរួចរាល់ទាំងទីតាំងសង្គ្រោះអ្នកជំងឺកូវីដ១៩ កម្រិតធ្ងន់ ឧបករណ៍សម្ភារប្រព័ន្ធអុកស៊ីសែន រួមទាំងឱសថ បរិក្ខារពេទ្យ ធនធានមនុស្ស សម្រាប់ព្យាបាលពួកគាត់ដែលត្រូវការសង្គ្រោះបន្ទាន់ធ្វើយ៉ាងណាជួយអ្នកជំងឺទាំងនោះឱ្យបានទាន់ពេល កាត់បន្ថយការប៉ះពាល់ដល់អាយុជីវិត។
ឯកឧត្តមបន្ថែមថា ទោះបីមានឧបករណ៍សម្ភារទំនើប និងក្រុមគ្រូពេទ្យជំនាញយ៉ាងណាក៌ដោយក៌មិនប្រាកដថាអាចយកឈ្នះការវាយលុកពីមេរោគដ៏កាចសាហាវ នេះដែរ។ ដូច្នេះក្នុងស្ថានភាពដ៏លំបាកនេះក្រសួងសុខាភិបាល នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការការពារឲ្យបានម៉ឺងម៉ាត់បំផុត ពិសេសនៅពេលដែលតេស្តរហ័ស ឃើញថាខ្លូនមានវិជ្ជមានកូវីដ១៩ ត្រូវប្រញ៉ាប់រាយការណ៍មកកាន់ក្រសួងសុខាភិបាល ដើម្បីមន្ត្រីជំនាញតាមដានព្យាបាលបានត្រឹមត្រូវនិងមានប្រសិទ្ធភាព ពិសេសធានាមិនឲ្យមេរោគដ៏កាចសាហាវនេះឆ្លងទៅ គ្រួសារ និងសង្គមជាតិ ៕

ប្រភព៖ ក្រសួងព័ត៌មាន