ឯកឧត្តម ស ថេត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីចូលរួមពាក់ម៉ាស់ និងណែនាំហើយនៅមិនអនុវត្តនោះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យតាមច្បាប់កំណត់
រាជធានីភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅរាជធានីភ្នំពេញ នៅពេលធ្វើដំណើរ ដោយថ្មើរជើង ជិះកង់ ជិះម៉ូតូ ម៉ូតូកង់បី… សូមចូលរួមពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

ឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងទៀតថា សមត្ថកិច្ចគ្រប់គោលដៅនឹងចាប់ផ្តើមត្រួតពិនិត្យនិងណែនាំអប់រំចាប់ពីពេលនេះតទៅ «បន្ទាប់ពីធ្វើការណែនាំហើយនៅតែមិនអនុវត្តនោះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យតាមច្បាប់កំណត់» ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ស ថេត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។
ចំណាត់ការរបស់ ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ នៅពេលនេះ ធ្វើឡើងក្រោយពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសារាចរស្ដីពី ការដាក់ចេញយុទ្ធនាការពង្រឹង វិធានការប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេស សម្រាប់រយៈពេល១៤ថ្ងៃ ក្នុងគោលដៅដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ៕








ដោយ៖ បងម់េង ខ្មែរណូត