សង្ស័យមានជំងឺបាក់ទឹកចិត្ត! នារីជនជាតិចិនរូបស្រស់ប៉ុនប៉ងគិតខ្លីជាច្រើនលើកច្រើនសារ ត្រូវបានមិត្តភក្តិ សមត្ថកិច្ច និងក្រុមអ្នកសារព័ត៌មានជួយឃាត់ទាន់ពេល
រាជធានីភ្នំពេញ៖ នារីជនជាតិចិនរូបស្រស់ម្នាក់ សង្ស័យមានជម្ងឺ Depression ប៉ះពាល់សតិអារម្មណ៍ខ្លាំងពេក ធ្វើឲ្យនាងសុញគំនិតគិតខ្លី ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើកច្រើនសារ តែមិនបានសម្រេច ព្រោះត្រូវបានមិត្តភក្តិរបស់នាង និងសមត្ថកិច្ចរួមទាំងក្រុមអ្នកសារព័ត៌មាន ជួយចាប់និងឃាត់នាងបានទាន់ពេល មិនឲ្យរត់ចូលរថយន្តគេទេ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវព្រះសីហនុ ត្រង់ចំណុចស្តុបផ្សារស៊ីលឹប កែងផ្លូវ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ព្រំប្រទល់ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នាម៉ោង០១៖៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។

នារីរងគ្រោះជាជនជាតិចិន គឺមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ស្នាក់នៅខុនដូមួយកន្លែង ស្ថិតនៅផ្លូវលេខ២៧៨ កែងផ្លូវ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីមនុស្សម្នាក់ដែលចេះនិយាយភាសាចិន និងជាអ្នកជួយឃាត់នារីរងគ្រោះក៏បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នារីរងគ្រោះជាជនជាតិចិននោះបានប៉ុនប៉ងរត់ចូលឡានសម្លាប់ខ្លួនជាច្រើនលើកច្រើនសាមកហើយ តែមិនបានសម្រេច ដោយលើកទី១.នៅវេលាម៉ោង០៨យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ត្រូវគេឃាត់ទាន់ និងបានហៅត្រឡប់ទៅវិញដោយសុវត្ថិភាព លុះមកដល់ម៉ោង១២៖១៥នាទីយប់រំលងអធ្រាត្រ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ក៏ត្រលប់មកម្ដងទៀត ហើយរត់ចូលឡានទៀត តែត្រូវបានអ្នកឃើញហេតុការណ៍ជួយឃាត់បាននឹងនាំត្រឡប់ទៅវិញដោយសុវត្ថិភាពជាលើកទី២ បានលក់ដល់ម៉ោង០១៖៣០នាទីយប់ ចូលថ្ងៃដដែលនារីរងគ្រោះ បានត្រលប់មករត់ចូលរថយន្តជាលើកទី៣ តែត្រូវបានមិត្តភក្តិរបស់នាង និងទាំងក្រុមអ្នកសារព័ត៌មានយើង ជួយចាប់ឃាត់ទាន់ពេលវេលា។
បើតាមសម្ដីអ្នកបកប្រែភាសាចិនក៏បានបន្តទៀតថា នារីរងគ្រោះខាងលើ បានប្រាប់ថាមូលហេតុដែលគាត់ចង់ស្លាប់ គឺដោយសារតែម្ដាយឪពុករបស់គាត់ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់ នៅប្រទេសចិន ហើយរូបនាងរស់នៅប្រទេសកម្ពុជាតែម្នាក់ឯងប៉ុណ្ណោះ ហើយគាត់ប្រាប់ទៀតថា យប់នេះគឺនាងនឹងសម្លាប់ខ្លួនអោយបាន បើមិនរត់ចូលឡានបុកឲ្យស្លាប់ ក៏ទៅតែលោតពីលើខុនដូសម្លាប់ខ្លួនឯងឲ្យបានដែរ ។
ប្រភពពីមិត្តភក្តិនារីរងគ្រោះវិញក៏បានប្រាប់ឲ្យដឹងថា នារីរងគ្រោះមានជម្ងឺ Depression ដោយសារក្រុមគ្រួសារស្លាប់ចោលនាងអស់ទៅ ប៉ះពាល់សតិអារម្មណ៍ខ្លាំងពេក ធ្វើឲ្យនាងក្លាយជាមនុស្សគិតច្រើន និងសុញគំនិតគិតខ្លី ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើកច្រើនសារហើយ តែយប់កើតហេតុ ដោយសារតែឃាត់មិនស្ដាប់ ទើបមិត្តភក្តិដែលជាជនជាតិដូចគ្នានោះ យករថយន្តមកដឹករូបនាងចេញពីកន្លែងកើតហេតុតែម្តង និងមិនបណ្ដោយឱ្យនៅខាងដូរតែម្នាក់ឯងទេ ខ្លាចនាងគិតអីផ្តេសផ្តាសអញ្ចឹង ៕










ដោយ៖ បងម៉េង ខ្មែរណូត