ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាហារដ្ឋានមួយកន្លែងយីហោ “សម្រស់បុប្ផា២៧១” ត្រូវបានសមត្ថកិច្ចចុះផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ក្រោយលួចបើកបន្ទប់ខារ៉ាអូខេឲ្យភ្ញៀវចូលផឹកស៊ី បំពានបម្រាមណែនាំរបស់អាជ្ញាធរ

    BY Khmernote Media July 30, 2021
    អាហារដ្ឋានមួយកន្លែងយីហោ “សម្រស់បុប្ផា២៧១” ត្រូវបានសមត្ថកិច្ចចុះផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ក្រោយលួចបើកបន្ទប់ខារ៉ាអូខេឲ្យភ្ញៀវចូលផឹកស៊ី បំពានបម្រាមណែនាំរបស់អាជ្ញាធរ

    រាជធានីភ្នំពេញ៖ ទីតាំងអាហារដ្ឋានអង្គុយផឹកស៊ី និងលួចបើកបន្ទប់ខារ៉ាអូខេមួយកន្លែងយីហោ “សម្រស់បុប្ផា២៧១” ត្រូវបានកម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកមា សុភាព អភិបាលរងខណ្ឌមានជ័យនោះ បានផ្អាកអាជីកម្មជាបណ្ដោះអាសន្ន ក្រោយហាងមួយនេះ បានបើកឲ្យដំណើរការខារ៉ាអូខេ ដែលបំពានដល់បម្រាមណែនាំរបស់អាជ្ញាធរ និងសាលារាជធានីភ្នំពេញ។

    ការចុះផ្អាកអាជីកម្មអាហារដ្ឋានបង្កប់ខារ៉ាអូខេ ខាងលើធ្វើឡើងកាលពីវេលាម៉ោង ០៩យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ដែលមានទីតាំងស្ថិត តាមបណ្តោយផ្លូវលេខ២៧១ ជិតស្តុបបឹងទំពន់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

    មន្ត្រីអាជ្ញាធរខណ្ឌមានជ័យបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក មា សុភាព អភិបាលរងខណ្ឌ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ, និងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ គីវ ភិវឌ្ឈន៍ អធិការរងខណ្ឌ, និងកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌមានជ័យ ដឹកនាំដោយលោក ឡេង ចន្ទសុភ័ត្រា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ , កម្លាំងកងរាជអាវុធហត្ថ និង អាជ្ញាធរសង្កាត់ និងកម្លាំងប៉ុស្តិ៍ ចាក់អង្រែលើ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា រតនា នាយប៉ុស្តិ៍ចាក់អង្រែលើ បានចុះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីអនុវត្តវិធានការរដ្ឋបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ លុះទៅដល់ទីតាំងខាងលើក៏បានចុះត្រួតពិនិត្យ រកឃើញថាមានការជួបជុំគ្នាផឹកស៊ីនៅខាងក្នុងបន្ទប់ខារ៉ាអូខេប្រាកដមែន ក្នុងបន្ទប់នោះមានមនុស្ស៧នាក់ ប៉ុន្តែមិនមានការចាក់ភ្លេងឬច្រៀងលេងកម្សាន្តឡើយគ្រាន់តែមានការជួបជុំផឹកស៊ីពីសំណាក់ភ្ញៀវបុរសចំនួន ៤នាក់ ដោយមាននារីបម្រើការហាង ២នាក់ និងនារីមេការបន្ទប់ម្នាក់ទៀត ជាអ្នកអង្គុយផឹកស៊ីកំដរ ។

    លោក មា សុភាព អភិបាលរងខណ្ឌបានបញ្ជាក់ថា ទីតាំងអាហារដ្ឋាន “សម្រស់បុប្ផា២៧១” ដែលបង្កប់ខារ៉ាអូខេបន្ទប់ ខាងលើ បានគោរព នូវវិធានសុខាភិបាល ដោយបាន រៀប តុ រក្សាគម្លាតសុវត្ថិភាព និងមានការបាញ់អាល់កុល ឬម៉ាស៊ីនវាស់កម្តៅនៅមុខហាងដែរ ព្រោះហាងចែកចេញជា ២ផ្នែក ដោយនៅផ្នែកខាងមុខហាងមាន ជាការអង្គុយផឹកស៊ីលក្ខណៈធម្មតា និងមានការចាក់ភ្លេងស្តាប់ផងដែរ។ ហើយនៅកណ្ដាលនៃទីតាំងហាងគឺមានបន្ទប់ខារ៉ាអូខេ ៣បន្ទប់ជាប់គ្នា តែមានភ្ញៀវចូលតែមួយបន្ទប់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាជាលទ្ធិផលនៃការចុះពិនិត្យខាងលើអាជ្ញាធរខណ្ឌ បានសម្រេចផ្អាកជាបណ្តោះអាសន្នមិនអោយដំណើរការបន្តទៀតឡើយ បើទោះបីជាមិនមានការចាក់ភ្លេង ឬច្រៀងកម្សាន្តលេងក៏ដោយព្រោះ វាជាកត្តាបង្កអោយមានការប្រមូលផ្តុំចំនួនមនុស្ស ហើយប្រឈមបន្តនៃ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ។

    នៅក្នុងការចុះផ្អាកខាងលើ នេះមិនមានការឃាត់ខ្លួនបុគ្គលណាម្នាក់ឡើយ គ្រាន់តែធ្វើការអប់រំណែនាំអំពីកិច្ចការការពារកូវីដ១៩រួចឲ្យភ្ញៀវវិលត្រឡប់ទៅផ្ទះវិញ ចំពោះទីតាំងហាងសម្រស់បុប្ផា២៧១ ដែលមានម្ចាស់ឈ្មោះ សូ ឈុនសុវណ្ណធីដា ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងហាងនេះតែម្ដង អាជ្ញាធរ បានអោយ ម្ចាស់ទីតាំងធ្វើ កិច្ចសន្យាចំពោះមុខក្នុងការផ្អាកដំណើរការ ជាបណ្តោះអាសន្នហើយត្រូវរងចាំសេចក្តីសម្រេចជាថ្មីក្នុងការអនុញ្ញាតិ អោយមានការបើកដំណើរការឡើងវិញ លុះត្រាតែមានការឯកភាពពីលោកអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ នៅក្នុងករណីដែលម្ចាស់ទីតាំងនៅបន្តបំពានលើកិច្ចសន្យា ឬសេចក្តីសម្រេចខាងលើនោះក្រុមអាជ្ញាធរ នឹងមានវិធានការច្បាប់ជាក់ជាមិនខានឡើយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: