លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា ក្នុងពេលតែមួយល្បឿននៃការឆ្លងរីរុសបំប្លែងថ្មី Delta អាចចម្លងមនុស្សពី១០ទៅ១៥នាក់
ព្រះវិហារ៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់សុខាភិបាល បញ្ជាក់ថា ក្នុងពេលតែមួយ ល្បឿននៃការឆ្លងរីរុសបំប្លែងថ្មីដែលតា អាចចម្លងមនុស្សពី១០ទៅ១៥នាក់ បើធៀបទៅនឹងវីរុសកូវីដ-១៩ ដែលទាមទារឱ្យប្រជាពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាពពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

ក្នុងឱកាសយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនដល់លោកតាលោកយាយ អាយុ១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក្នុងខេត្តព្រះវិហារ លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា កន្លងមក ប្រភេទវីរុសបំប្លែងថ្មីប្រភេទអាល់ហ្វាបាននិងកំពុងតែចរាចរណ៍ សឹងតែគ្រប់រាជធានីខេត្តទៅហើយ។
លោកជំទាវបន្តថា លទ្ធភាពរបស់ វីរុសកូវីដ១៩បំប្លែងថ្មីប្រភេទដែលតា អាចចម្លងទៅមនុស្សចាប់ពី១០ទៅ១៥នាក់ក្នុងពេលតែមួយ ខណៈអាល់ហ្វា ល្បឿននៃការឆ្លងត្រឹមពី៥ទៅ៦នាក់ក្នុងរយៈពេលដូចគ្នា ហើយកូវីដ១៩ធម្មតា ឆ្លងត្រឹមតែ២ទៅ៣នាក់ប៉ុណ្ណោះក្នុងរយៈពេលតែមួយដូចគ្នាដែរ។
លោកជំទាវ សម្តែងការព្រួយបារម្ភ និងសុំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវងាកមករកការការពាររៀងៗខ្លួនឱ្យបានហ្មត់ចត់ជាទីបំផុតឡើងវិញ ត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា។ បើគ្មានការចាំបាច់ទេ សូមកុំធ្វើដំណើរ ចល័ត ពីកន្លែងមួយទៅកន្លែងមួយទៀត ប្រសិនបើមិនចង់ឃើញសោកនាដកម្មសុខភាព សាធារណៈកើតមាននៅក្នុងប្រទេសកម្ពុជា ។
លោកជំទាវបានព្រមានថា បើទោះបីកម្ពុជាមិនទាន់ធ្លាក់ជ្រោះក៏ដោយ តែស្ថានភាពនៃជំងឺនេះវាបានរំកិលទៅលើមាត់ជ្រោះហើយ ដែលនេះជាគ្រោះមហាអន្តរាយសុខភាពសាធារណៈ។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ចូលក្នុងសហគមន៍ រាជរដ្ឋាភិបាលបានសម្រេចធ្វើការបិទខ្ទប់ ភូមិសាស្ត្រខេត្តចំនួន ៨ រយៈពេល ២ សប្តាហ៍ រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានចេញនូវសារាចរ ស្តីពី ការដាក់ចេញ នូវយុទ្ធនាការពង្រឹងនូវវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃ ជំងឺកូវីដ-១៩នេះ សម្រាប់រាជធានី-ខេត្តទូទាំងប្រទេសផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន