ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យកសំណាកប្រជាពលរដ្ឋជាង ៦០០នាក់រស់នៅភូមិចំនួន៣ ក្នុងសង្កាត់កោះរ៉ុងសន្លឹម រកឃើញវិជ្ជមានកូវីដចំនួន ១៦នាក់

    BY Khmernote Media August 1, 2021
    យកសំណាកប្រជាពលរដ្ឋជាង ៦០០នាក់រស់នៅភូមិចំនួន៣ ក្នុងសង្កាត់កោះរ៉ុងសន្លឹម រកឃើញវិជ្ជមានកូវីដចំនួន ១៦នាក់

    ក្រុងកោះរ៉ុង-លោក នួន ប៊ុនថុល អភិបាល ក្រុងកោះរ៉ុងឲ្យដឹងថា រដ្ឋបាលក្រុងកោះរ៉ុង នឹងបន្តបិទការចេញចូលភូមិកោះតូចរយៈពេល ១៤ថ្ងៃបន្ថែមទៀត ចំណែកប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម (ចំនុច២៣) ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ឲ្យគ្រប់ចំនួនថ្ងៃតាមការកំណត់នៃវិធានការសុខាភិបាល។

    ការសម្រេចនេះធ្វើឡើងនៅព្រឹកថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្រោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានចុះយកសំណាកប្រជាពលរដ្ឋ រស់នៅភូមិកោះតូច ភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម(ចំនុច២៣) នៃសង្កាត់កោះរ៉ុងសន្លឹម សរុបចំនួន ៦២២នាក់ (ស្រី ២៥៣នាក់)។ ជាលទ្ធផលក្រោយការធ្វើតេស្តសំណាកបានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ- ១៩ រស់នៅក្នុងភូមិកោះតូច និងភូមិដើមថ្កូវចំនួន ១៦នាក់ (ស្រី ១០នាក់)។ លោកអភិបាលក្រុងកោះរ៉ុងបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននេះសរុបមានចំនួន ២៤នាក់ (ស្រី១៣នាក់) និងបានរៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាលនៅក្រុងព្រះសីហនុរួចរាល់ហើយ ។

    ជាមួយគ្នានេះ រដ្ឋបាលក្រុងកោះរ៉ុង អំពាវនាវដល់ម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមបន្តផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ:ទៀតសិន រហូតដល់មានការជូនដំណឹងជាថ្មី ដោយឡែកចំពោះទូកដឹកទំនិញ ឬគ្រឿងឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា ប៉ុន្តែឆ្លងកាត់ការត្រួតពិនិត្យ វិធានការសុខាភិបាល៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: