ព័ត៌មានជាតិ

ដឹងច្បាស់ហើយ មូលហេតុនៃការឆេះ​ឃ្លាំង​រថយន្តក្រុង​ក្រុមហ៊ុន​ «​វិ​រៈ​ប៊ុ​ន​ថាំ​»​ នៅ​ខណ្ឌ​ជ្រោយចង្វារ​ និង​មនុស្ស​​ម្នាក់​បាត់បង់ជីវិត

BY
Khmernote Media
August 1, 2021

រាជធានី​ភ្នំពេញ​ ៖​ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ មាន​ លោកនាយ​រង​ការិយាល័យ​ ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ទុក​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ «​វិ​រៈ​ប៊ុ​ន​ថាំ​»​ ស្ថិត​នៅ​ដី​ឡូ​តិ៍​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​៣​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​ ២០២១​នេះ​ ដោយនៅ​ក្នុង​ហេតុការណ៍​មួយ​នេះ​ បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​ និង​រថយន្តក្រុង​ ២៣​គ្រឿង​ ត្រូវ​អគ្គិភ័យ​ឆេះ​បំផ្លាញ​ សរុប​គិត​ជា​ទឹកប្រាក់​ ១,៥​លាន​ដុល្លារ​។​

​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដើមចម​នៃ​ការ​ឆេះ​រហូត​ដល់​មាន​មនុស្ស​ស្លាប់​ គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​ ចរ​ន្តិ​អគ្គិសនី​។​ ​លោក​វរសេនីយ៍ឯក​ នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ បាន​បន្ត​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ មានឈ្មោះ​ លឹ​ម​ ច​ន្ធ​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ មុខរបរ​ អតីត​បុគ្គលិក​ ក្រុមហ៊ុន​ «​វិ​រៈ​ប៊ុ​ន​ថាំ​»​ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​ទង​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​ ២០២១​ ដោយ​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ទុក​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ «​វិ​រៈ​ប៊ុ​ន​ថាំ​»​ ស្ថិត​នៅ​ដី​ឡូ​តិ៍​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​៣​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​ ​បើ​តាម​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ ក្នុង​ហេតុការណ៍​នេះ​ មិន​បណ្ត​ល​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​ ហើយ​សម្រាប់​ប្រតិបត្តិការ​សង្គ្រោះ​វិញ​ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​៣៥​គ្រឿង​ ដោយ​ប្រើប្រាស់​ទឹក​អស់​៩១​ឡាន​។​

​ក្នុង​នោះ​រួម​មាន​ ៖​ រថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន​២១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​ ៦៣​ឡាន​ ស្មេ​ី​នឹង​២៥០​ម៉ែត្រគូប​។​

​រថយន្ត​ជំនួយ​អន្តរាគមន៍​ពន្លត់​មាន​ដូច​ខាងក្រោម​ ៖​ រថយន្ត​ក្រសួងមហាផ្ទៃ​ ចំនួន​០២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​ឡាន​ សើ្ម​នឹង​២៤​ម៉ែត្រគូប​,​ រថយន្ត​ក្រុមហ៊ុន​ OCIC​ ទីក្រុង​ជ្រោយចង្វារ​ ចំនួន​១០​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​២០​ឡាន​ សើ្ម​នឹង​៨០​ម៉ែត្រគូប​ និង​រថយន្ត​ទីក្រុង​អូរ​ឡាំ​ព្យា​ ចំនួន​០២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​ឡាន​សើ្ម​នឹង​១៦​ម៉ែត្រគូប​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: