ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបងអនុញ្ញាតឱ្យអាជីវករលក់ដូរបន្លែសាច់ នៅក្រៅបរិវេណផ្សារដែលបិទខ្ទប់បាន

BY
srey nuch
August 2, 2021

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរខេត្តបាត់ដំបងបានអនុញ្ញាតឱ្យក្រុមអាជីវករ មកពីផ្សារនានា អាចមកលក់បន្លែត្រីសាច់ នៅតាមផ្លូវ បេតុង នៅផ្សារភូពុយ ដែលមានទីធ្លាធំ រាប់ហិកតា ស្ថិតនៅក្រុងបាត់ដំបង នឹង ក្រៅទីតាំងបរិវេណផ្សារផ្សេងទៀត។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានឱ្យដឹងថា អាជីវករត្រូវលក់ដូរតាមគំនូសក្រហម ដែលកំណត់ដោយអាជ្ញាធរ ឬម្ចាស់ផ្សារ ដែលមានគម្លាតពីកន្លែងលក់មួយទៅកន្លែងលក់មួយ ចម្ងាយ ៥ម៉ែត្រ និង អនុវត្តវិធានសុខាភិបាលជាប្រចាំ ដូចជាពាក់ម៉ាស់ ទាំងអ្នកលក់និងអ្នកទិញ និង មានអាល់កុលឬជែល តាមតូបនីមួយៗ ។

លោកអភិបាលក្រុងបញ្ជាក់ថា អាជ្ញាធរមិនមែនអនុញ្ញាតឱ្យអាជីវករ លក់តែក្នុងបរិវេណដងផ្លូវបេតុងក្នុងផ្សារភូពុយ មួយទេ នៅក្រៅបរិវេណផ្សារនានាដែលបិទខ្ទប់ ឬ មុខផ្ទះពលរដ្ឋ ឬអាចដឹករថយន្ត រ៉ឺម៉ក តាមដងផ្លូវ ក៏ អាចលក់ដូរបានដែរដើម្បីបំពេញតម្រូវការហូបចុកពលរដ្ឋ ក្នុងក្រុងបាត់ដំបង តែត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរនិងប្រកាន់ភ្ជាប់វិធានសុខាភិបាល ។

អាជ្ញាធរខេត្តបាត់ដំបងសម្រេចបិទផ្សារចំនួន៤៩ នៅក្នុងក្រុងបាត់ដំបង ថ្មគោល ស្រុកសង្កែ ស្រុកមោងឫស្សី ស្រុកឯកភ្នំ និង ស្រុកកំរៀង បណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១សីហា តទៅ ។ ការសម្រេចបិទផ្សារនេះ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នូវមេរោគកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មី ( ដែលតា ) ព្រោះចុងក្រោយនេះបានរកឃើញអ្នកឆ្លងថ្មីមានការកើនឡើងគួរឱ្យព្រួយបារម្ភ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: