ព័ត៌មានជាតិ

អបអរសាទរ! សុនខក្រុមទី១ ចំនួន៣ក្បាលបានហិតរកឃេីញក្លិនសំណាកអ្នកជម្ងឺកូវីដ១៩​ ប្រកបដោយជោគជ័យ ដោយអាចហិតរកឃេីញក្លិនសំណាកក្នុងរយ:​ពេលប្រមាណតែ១០-១៥វិនាទី

BY
Khmernote Media
August 2, 2021

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នាព្រឹកថ្ងៃចន្ទ័ ៩រោច​ ខែទុទិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន​ សុីម៉ាក់ខេត្តកំពង់ឆ្នាំង​ ខ្ញុំបានចុះមកពិនិត្យនិងវាយតំលៃការងារសិក្សា​ស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩។

ក្រោយពីបានទទួលសំណាកក្លិន​(VOC)អ្នកជម្ងឺកូវីដ១៩ចំនួន៤៨សំណាក​ ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបា​ល​ ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCRនិងការបណ្តុះមេរោគ​ (cell culture)ដេីម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរេីការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខសុីម៉ាក់បានដំណេីរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩​នេះតាមផែនការ។

សូមអបអរសាទរចំពោះសុនខក្រុមទី១ចំនួន៣ក្បាលដែលបានហិតរកឃេីញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩​ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។​ រីឯសុនខក្រុមទី២​ចំនួន៧ក្បាលទៀត​ កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃេីញក្លិនសំណាកក្នុងរយ:​ពេលប្រមាណតែ១០-១៥វិនាទី។ ការប្រេីប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រេីនដូចជាព្រលានយន្តហោះ​ ច្រកទ្វារអន្តរជាតិ​ និងពហុកីឡាដ្ឋានជាដេីម។

ទន្ទឹងនឹងនេះខ្ញុំសូមរំលឹកជូនថា​ ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ​ ជាគំនិតផ្តួចផ្តេីមរបស់សម្តេចតេជោ​ ក្នុងការរិះរកគ្រប់មធ្យោបាយនិងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩​។ យេីងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ​ និងមានក្តីសង្ឃឹមជឿជាក់ថានឹងឆ្លេីយតបតាមការរំពឹងទុក។ ជាមួយនេះដែរផ្អែកតាមអ្នកជំនាញ​ ឱ្យបានដឹងថា​ មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថា​មានការឆ្លងវីរុសកូវីដ១៩ពីមនុស្សទៅសុនខឡេីយ។

សុំបញ្ជាក់ថា​ សុនខទាំងនេះកេីតកម្ពុជានិងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា! សូមអរគុណផងដែរចំពោះក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ ដែលបានផ្តល់កិច្ចសហការនិងចូលរួមយ៉ាងសកម្មក្នុងការងារសិក្សាស្រាវជ្រាវនេះ​។

Share This Post: