ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីជំងឺកូវីដ១៩ បំប្លែងខ្លួន Delta Plus ជាលើកដំបូងបំផុតរបស់ខ្លួន
- BY
- autoadmin
- August 3, 2021
ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសរបស់ខ្លួនបានរកឃើញករណីដំបូងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ Delta Plus ខណៈដែលប្រទេសនេះផ្ទាល់កំពុងប្រយុទ្ធប្រឆាំងនឹងរលកឆ្លងទី៤ នៅទូទាំងប្រទេស។ វ៉ារ្យ៉ង់ Delta Plus គឺជាសែស្រឡាយតែមួយនៃវ៉ារ្យ៉ង់ Delta ដែលត្រូវបានកំណត់ដំបូងនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែវាមានវត្តមានអាស៊ីដអាមីណេ K417N ដែលត្រូវបានគេរកឃើញនៅក្នុងវ៉ារ្យ៉ង់ Beta របស់អាហ្វ្រិកខាងត្បូង នៅលើប្រូតេអ៊ីន spike របស់វា។
រហូតមកដល់ពេលនេះរបាយការណ៍ទាក់ទងនឹងករណី Delta Plus នៅមានតិចតួចណាស់ ហើយប្រទេសមួយចំនួនតូចរួមទាំងអង់គ្លេស ព័រទុយហ្កាល់ និងឥណ្ឌា បានរាយការណ៍ពីវាខ្លះៗ ដោយមិនទូលំទូលាយដូចវ៉ារ្យ៉ង់ Delta នោះទេ។ KDCA បានប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រថា ករណីដំបូងរបស់ Delta Plus នៅកូរ៉េខាងត្បូង បានកើតលើបុរសម្នាក់មានអាយុ ៤០ ឆ្នាំ ដែលមិនមានកំណត់ត្រាធ្វើដំណើរទៅណានោះឡើយ។ ចំណែកលទ្ធផលតេស្តលើមនុស្សដែលមានទំនាក់ទំនងជាមួយគាត់បានបង្ហាញថា សមាជិកគ្រួសារម្នាក់របស់គាត់បានវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែ KDCA មិនបានបញ្ជាក់ថា អ្នកជំងឺបានឆ្លងវ៉ារ្យ៉ង់ Delta Plus ឬទេ។
ការសិក្សាលើ Delta Plus ក៏មិនមានច្រើនប៉ុន្មានដែរ ប៉ុន្តែអ្នកវិទ្យាសាស្ត្រខ្លះបាននិយាយថា វ៉ារ្យ៉ង់របស់ Delta Plus ប្រហែលជាអាចចម្លងបានលឿនបងប្អូនរបស់វា។ ឥឡូវនេះក៏មានការសិក្សានៅក្នុងប្រទេសឥណ្ឌា និងទូទាំងពិភពលោក ដើម្បីសាកល្បងប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវ៉ារ្យ៉ង់មួយនេះ។ ប្រទេសកូរ៉េខាងត្បូងសព្វថ្ងៃមានករណីជំងឺ COVID-19 ២០២,២០៣ ករណី ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ២,១០៤ នាក់៕
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post: