ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ ជំងឺកូវីដ១៩ បានចម្លងដល់មនុស្សនៅទូទាំងពិភពលោកជាង ២០០ លាននាក់ហើយ

    BY autoadmin August 5, 2021
    អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ ជំងឺកូវីដ១៩ បានចម្លងដល់មនុស្សនៅទូទាំងពិភពលោកជាង ២០០ លាននាក់ហើយ

    ជំងឺរាតត្បាតជាសកល COVID-19 នៅតែបន្ដវាយប្រហារនៅទូទាំងពិភពលោក ហើយគិតមកទល់នឹងពេលនេះ វាបាចម្លងដល់ពលរដ្ឋច្រើនជាង ២០០ លាននាក់ រួចមកហើយ នេះបើតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) ។ សាកលវិទ្យាល័យក៏បានបន្ថែមផងដែរថា ចំនួនករណីថ្មីៗនៃជំងឺ COVID-19 បានកើនឡើងទ្វេដងក្នុងរយៈពេលប្រហែល ៦ខែ ចុងក្រោយនេះ ពោលគឺចាប់តាំងពីពេលដែលជំងឺ COVID-19 បានឆ្លងដល់ពលរដ្ឋចំនួន ១០០ លាននាក់ ត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

    ក្រោយមកនៅពេលដែលពិភពលោកមានវ៉ាក់សាំងបង្ការជំងឺ COVID-19, ការឆ្លងថ្មីៗបានមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែភាពប្រសើរឡើងនេះមិនបានយូរប៉ុន្មាននោះទេ នៅពេលដែលមានវត្តមានជំងឺ COVID-19 វ៉ារ្យ៉ង់ Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា។ នៅក្នុងរយៈពេលចុងក្រោយនេះវ៉ារ្យ៉ង Delta បានវាយប្រហារនៅគ្រប់ទីកន្លែង ហើយប្រទេសជាច្រើនដែលមានការផ្ទុះឡើងវិញនូវករណីជំងឺ COVID-19 គឺភាគច្រើនដោយសារតែវ៉ារ្យ៉ង់ Delta នេះផ្ទាល់តែម្ដង។

    ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោកមានចំនួនប្រហែល ៤.២៥ លាននាក់ គិតត្រឹមថ្ងៃពុធ ដោយសហរដ្ឋអាមេរិកនៅតែឈរនៅលំដាប់កំពូល ជាមួយនឹងចំនួនអ្នកស្លាប់ជាង ៦១៤,០០០ នាក់ និងករណីសរុបចំនួន ៣៥.៣ ករណី បន្ទាប់មកទៀតគឺប្រទេសប្រេស៊ីល ដែលមានអ្នកស្លាប់ចំនួន ៥៥៨,០០០ នាក់ និងករណីចំនួន ២០ លានករណី។ ចំណែកឯប្រទេសឥណ្ឌាដែលជាកន្លែងដែលវ៉ារ្យ៉ង់ Delta មានវត្តមានដំបូងគេ គឺមានអ្នកស្លាប់សរុបជាង ៤២៥,០០០ នាក់ និងករណីសរុបចំនួន ៣១.៧៧ លានករណី៕

    អត្ថបទ៖ លីដា
    ប្រភព៖ Kyodo News

    Share This Post: