គ្មានខ្លាចឆ្លងសោះ! យុវជនប្រុសស្រីមួយក្រុមប្រមូលផ្តុំគ្នាផឹកស៊ី ធ្វើខួបកំណើត ត្រូវអាជ្ញាធរចុះឃាត់ខ្លួន និងចាប់ធ្វើតេស្តទាំងអស់គ្នា
រាជធានីភ្នំពេញ ៖ ទីតាំងហាងមួយកន្លែង មានក្រុមយុវជនប្រុសស្រីប្រមូលផ្តុំផឹកស៊ី កម្មវិធីខួបកំណើត បំពានវិធានការរដ្ឋបាល បម្រាមគោចរ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបនិងឃាត់ខ្លួនបាន១៣នាក់ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចហាងយីហោ “នីសា កែវព្រិល“ តាមបណ្តោយវិថីទំនប់កប់ស្រូវ(ហៅផ្លូវ120K) ស្ថិតក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុទីតាំងខាងលើបានបង្កើតកម្មវិធីខួបកំណើត និងជួបជុំផឹកស៊ីតាំងពីក្បាលព្រលប់រហូតដល់ម៉ោងបម្រាមគោចរ នៅតែបន្តមិនឈប់ទៀត រហូតមកដល់វេលាកើតហេតុកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញ ទើបចុះធ្វើការបង្ក្រាបតែម្ដង ដោយឃាត់ខ្លួនយុវតី១២នាក់ និងបុរសម្នាក់ទៀតជាម្ចាស់ហាង ។ ក្នុងអំឡុងពេលបង្ក្រាបក្រុមយុវតីខាងលើ បានឡើងទៅជាន់ខាងលើ អ្នកខ្លះនាំគ្នាដូរសម្លៀកបំពាក់ ខ្លះទៀតធ្វើជាស្លៀកសារ៉ុងគេង ធ្វើជាមិនដឹងរឿងអ្វី តែត្រូវសមត្ថកិច្ចហៅអោយចុះមកក្រោមវិញ ដើម្បីធ្វើសំណាកសិន ។
ក្រោយពីការបង្ក្រាបអាជ្ញាធរបានទាក់ទងទៅក្រុមគ្រូពេទ្យ ដើម្បីចុះមកយកសំណាកយុវតីវ័យក្មេងទាំងអស់នោះ ឃើញថាអវិជ្ជមានទាំងអស់គ្នា។ បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនបុរសម្នាក់ជាថៅកែហាងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕
