សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងAstra Zeneca ចំនួន ៤១៥,០០០ដូសជំនួយរបស់ចក្រភពអង់គ្លេសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់និងទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ Astra Zeneca ចំនួន ៤១៥,០០០ដូស ជាជំនួយរបស់ចក្រភពអង់គ្លេសដល់ប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដែលនឹងមកដល់កម្ពុជា នារសៀល ថ្ងៃទី០៥ ខែសីហានេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

តាមសេចក្តីប្រកាសព័ត៌មានស្ថានទូតចក្រភពអង់គ្លេសបានឱ្យដឹងថា ក្នុងសប្ដាហ៍នេះចក្រភពអង់គ្លេសនឹងបញ្ជូនចេញវ៉ាក់សាំងចំនួន ៩ លានដូសទៅកាន់ប្រទេសជាច្រើននៅទូទាំងពិភពលោកក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន៤១៥,០០០ដូសដែរ ដើម្បីដោះស្រាយបញ្ហាជំងឺជាសកលមួយនេះ។
គួរបញ្ជាក់ថា ការផ្តល់វ៉ាក់សាំងដល់កម្ពុជារបស់ចក្រភពអង់គ្លេសធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុនបានផ្តល់វ៉ាក់សាំងដល់កម្ពុជាចំនួន ១លានដូស ហើយដែលបានដឹកមកដល់កម្ពុជាកាលពីសប្តាហ៍មុនចំនួន ៣៣០,០០០ ដូស។ ចំណែកសហរដ្ឋអាមេរិកក៏បានផ្តល់ជំនួយវ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិក១ លានដូសដល់កម្ពុជារួចហើយដែរតាមរយៈយន្តការកូវ៉ាក់។ គិតត្រឹមថ្ងៃនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុប ២០,៣៥៤,០០០ ដូសភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយនិងទិញពីប្រទេសចិន ៕

ប្រភព៖ ក្រសួងព័ត៌មាន