ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្ដីក្រសួងវប្បធម៌កម្ពុជាស្នើដល់ភាគីថៃ ឱ្យជួយផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ គម្រោងសាងសង់ប្រាសាទថ្មថ្មី តាមរចនាបថប្រាសាទអង្គរវត្ត នៅខេត្តបុរីរ៉ាំ

    BY Khmernote Media August 6, 2021
    រដ្ឋមន្រ្ដីក្រសួងវប្បធម៌កម្ពុជាស្នើដល់ភាគីថៃ ឱ្យជួយផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ គម្រោងសាងសង់ប្រាសាទថ្មថ្មី តាមរចនាបថប្រាសាទអង្គរវត្ត នៅខេត្តបុរីរ៉ាំ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មថ្មី តាមរចនាបថប្រាសាទអង្គរវត្ដ នៅខេត្តបុរីរ៉ាំ ក្នុងប្រទេសថៃ។ ការស្នើសុំរបស់រដ្ឋមន្រ្ដីក្រសួងវប្បធម៌នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

    លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានគូសបញ្ជាក់ថា ការស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការនេះ គឺ ដើម្បីឱ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធាននានាបន្ត សំដៅបញ្ចៀសនូវផលអវិជ្ជមានណាមួយដែលអាចកើតឡើងនិងប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ ទន្ទឹមនេះ លោកជំទាវរដ្ឋមន្រ្ដីក៏បានលើកឡើងផងដែរពីករណីព័ត៌មានស្តីពីគម្រោងនៃការសាង សង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំ ដែលបណ្តាញសង្គម និងសារព័ត៌មានផ្សព្វផ្សាយ ថាមានការចម្លងតាមនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត។ ព័ត៌មាននេះ ត្រូវបានសាធារណមតិនៃប្រទេសទាំងពីរ មានប្រតិកម្មយ៉ាងផុសផុល និងពុះកញ្ជ្រោល។

    ជាការឆ្លើយតប ឯកឧត្តម Panyarak Poolthup បានទទួលយកសំណើ និងសន្យាឆ្លើយតបតាមការស្នើសុំរបស់ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ។ ក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរក៏បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃ លើវិស័យវប្បធម៌ទ្វេភាគី និងពហុភាគី រួមមាន សកម្មភាពមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបឆ្នាំ២០២១ សកម្មភាពវប្បធម៌អាស៊ានឆ្នាំ២០២២ ដែលកម្ពុជាជាប្រធានប្តូរវេន។

    ជាមួយគ្នានេះដែរ ក្នុងនាមជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានចូលរួមអបអរសាទរ ចំពោះការចុះបញ្ជី ព្រៃ Kaeng Krachan របស់ថៃក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

    សូមរម្លឹកផងដែរថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ក៏មានការផ្សព្វផ្សាយព័ត៌មានគួរឱ្យភ្ញាក់ផ្ញើលខ្លាំងផងដែរ ពេលឃើញរូបភាពលើបណ្តាញសង្គម បង្ហាញពីសំណង់ថ្មថ្មី ក្នុងបរិវេណវត្តមួយ នៅខេត្តបុរីរ៉ាំ ប្រទេសថៃ ដែលស្ថិតក្នុងដំណើរការសាងសង់ ដោយចម្លងតាមរចនាបថអង្គរវត្ត។ ព្រះគ្រូចៅអធិការវត្តនោះ បានបង្ហាញឯកសារ និងបកស្រាយប្រាប់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានចុះទៅពិនិត្យផ្ទាល់ដល់កន្លែងសាងសង់ប្រាសាទថា ប្រាសាទថ្មដែលសាងសង់ក្នុងវត្តថៃនោះ មិនមែនលួចចម្លងតាមរចនាបថអង្គរវត្តឡើយ តែសាងសង់ឡើងតាមគំនូសប្លង់ដោយខ្លួនឯង រួមទាំងរចនាទៅតាមប្រាសាទនានាក្នុងទឹកដីថៃ ៕

    ប្រភព៖​ ក្រសួងព័ត៌មាន

    Share This Post: