អាជ្ញាធរសម្រេចបិទផ្សារតាយ៉ាវ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយរកឃើញអាជីវករ១៦នាក់ វិជ្ជមានជំងឺកូវីដ១៩
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អាជ្ញាធរស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានសម្រេចបិទផ្សារតាយ៉ាវ ស្ថិតនៅក្នុង ឃុំប្ញស្សីក្រោក នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីមន្ត្រីសុខាភិបាល និងអាជ្ញាធរ បានចុះទៅយកសំណាកធ្វើតេស្តរហ័ស រកឃើញអាជីវករចំនួន១៦នាក់ វិជ្ជមានជំងឺកូវីដ១៩ នោះ។

អភិបាលស្រុកមង្គលបូរី លោករ័ត្ន ដាស៊ីណង់ បានឱ្យដឹងថា អាជ្ញាធរបានបិទខ្ទប់ ផ្សារតាយ៉ាវនេះ នៅម៉ោង៥៖០០ទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ហើយក្រុមមន្ត្រី សុខាភិបាលបានធ្វើការយកសំណាកធ្វើតេស្តរហ័ស លើអាជីវករលក់ដូរនៅផ្សារនេះ ចំនួន ៣២៦នាក់ ដោយបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៦នាក់ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយសំណាកបានយកចប់សព្វ គ្រប់នៅព្រឹកមិញនេះ។
លោកអភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា នៅពេលនេះមន្ត្រីសុខាភិបាល កំពុងតែស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីធ្វើសំណាករកមេរោគកូវីដ១៩ នេះឱ្យ បានទាន់ពេលវេលាដើម្បីទប់ស្កាត់កុំឱ្យជំងឺដ៏កាចសាហាវនេះ ឆ្លងរាលដាល ចូលទៅតំបន់ ផ្សេងៗទៀត។
លោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ នៅផ្សារ តាយ៉ាវនេះគឺភាគច្រើនជាអាជីវករលក់ដូរចម្រុះនៅក្នុងផ្សារ ព្រមទាំងបានចម្លង ទៅឪពុក ម្តាយ ព្រមទាំងទារកម្នាក់ អាយុ៧ខែផងដែរ។
លោកបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋអាជីវករណាដែលពាក់ព័ន្ធសូមមក យកសំណាកជាបន្ទាន់ ដើម្បីខ្លួនឯង និងក្រុមគ្រួសារ។ សម្រាប់ប្រជាពលរដ្ឋ អាជីវករ ដែលបានយកសំណាកលើកទី១រួចហើយ ត្រូវបន្តធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះរយៈពេល ១៤ថ្ងៃ មុនទៅយកសំណាកលើកទី២។
ក្នុងឱកាសចុះពិនិត្យមើលការយកសំណាកធ្វើតេស្តរហ័សលើអាជីវករនៅផ្សារតាយ៉ាវកាលពីព្រឹកមិញនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអំពាវនាវ សូមឱ្យប្រជាពលរដ្ឋជាពិសេសអាជីវករលក់ដូរនៅផ្សារតាយ៉ាវ ដែលត្រូវបានអាជ្ញាធរធ្វើ ការបិទខ្ទប់សូមឱ្យមានការយោគយល់ មានការអត់ធ្មត់ ហើយត្រូវស្តាប់តាមការណែនាំជូន ដំណឹងផ្លូវការរបស់អាជ្ញាធរដែនដី។ ផ្ទុយទៅវិញត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បំផុតក្នុងការការពារ និងទប់ស្កាត់ឱ្យខាងតែបាននូវរោគរាតត្បាតនៃជំងឺកូវីដ១៩នេះ ហើយ ចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នាត្រូវចូលរួមអនុវត្តន៍ឱ្យបាននូវវិធានការ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា នោះទើបជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ៕




ប្រភព៖ ក្រសួងព័ត៌មាន