បុរសម្នាក់បើកម៉ូតូបំពានបម្រាមគោចរ ត្រូវសមត្ថកិច្ចហៅអោយឈប់ បែរជិះត្រឡប់ក្រោយយ៉ាងលឿន ទើបសមត្ថកិច្ចតាមប្រដេញរហូតដល់ផ្ទះ តែបុរសនោះមិនព្រមសហការ ថែមទាំងប្រកែកគ្នាតឹងសរសៃកដាក់សមត្ថកិច្ចវិញទៀត
រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ Scoopy មួយគ្រឿងចូលគោលដៅអនុវត្តបម្រាមគោចរ របស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ហើយសមត្ថកិច្ចហៅឲ្យឈប់ តែមិនព្រមឈប់ទេ បែរជាជិះត្រលប់ក្រោយ ហើយបន្ថែមល្បឿនយ៉ាងលឿន ទើបសមត្ថកិច្ចចេញម៉ូតូប្រដេញតាមឃាត់ឲ្យឈប់ ក៏នៅតែមិនព្រមឈប់ដែរ ទើបសមត្ថកិច្ចប្រដេញតាមរហូតទាល់តែជិះទៅបុកទ្វារផ្ទះរបស់ខ្លួន បណ្ដាលឲ្យដួល ហើយសមត្ថកិច្ចក៏ធ្វើការចាប់ឃាត់ខ្លួន និងណែនាំអោយត្រលប់ទៅកន្លែងគោលដៅវិញ តែបុរសម្នាក់នោះនៅតែមិនព្រមសហការជាមួយសមត្ថកិច្ចទៀត និងបានប្រកែកវែកញែកតឹង សរសៃក ដាក់សមត្ថកិច្ចវិញ ទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង សមត្ថកិច្ចសុំគោលការណ៍យកម៉ូតូរបស់បុរសម្នាក់នោះត្រលប់មកកន្លែងគោលដៅវិញ ចំណែកបុរសម្នាក់នោះ មិនព្រមសហការជាមួយសមត្ថកិច្ចទេ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើង កាលពីម៉ោង១០៖៣០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចមុខផ្ទះរបស់យុវជនដែលជិះរត់គេចនោះ ស្ថិតនៅខាងមុខសាលាកសិកម្មចំការដូង ផ្លូវបេតុង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នៅអំឡុងពេលកំពុងអនុវត្តបម្រាមគោចរ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គូពី (Honda Scoopy) ពាក់ស្លាកលេខភ្នំពេញ 1CK-4988 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត(ផ្លូវ២១៧) ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ចូលមកដល់គោលដៅ អនុវត្តបម្រាមគោចររបស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យថ្មី ផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី១ ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ឃើញដូច្នេះនគរបាលដែលបង្កប់ខ្លួននៅដើមគោលដៅអនុវត្តបម្រាមគោចរខាងលើបាន បោះដៃតាមវិទ្យុទាក់ទង(ID) មកកាន់កម្លាំងនគរបាលដែលឈរក្នុងគោលដៅ ប្រុងប្រយ័ត្ន និងហៅម៉ូតូខាងលើអែបខាង ដើម្បីត្រួតពិនិត្យផង តែបែរជាយុវជនខាងលើជិះម៉ូតូបត់ត្រលប់ក្រោយ និងបានព្យាយាមបន្ថែមល្បឿន ជិះរត់គេចខ្លួន ទាំងបញ្ច្រាសផ្លូវ ពីជើងទៅត្បូងវិញ ទើបកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលត្រៀមលក្ខណៈ ប្រដេញតាមអ្នកបើកបរ រត់គេចនោះ ចេញម៉ូតូប្រដេញតាមឃាត់ឲ្យឈប់ ក៏បុរសម្នាក់នោះនៅតែមិនព្រមឈប់ដែរ ទើបសមត្ថកិច្ចប្រដេញតាមរហូតទាល់តែជិះទៅបុកទ្វារផ្ទះរបស់យុវជនខាងលើ នៅចំណុចមុខសាលាកសិកម្មចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយសមត្ថកិច្ចដែលដេញតាមមកពីក្រោយនោះ ក៏ធ្វើការចាប់ឃាត់ខ្លួន និងណែនាំអោយត្រលប់ទៅកន្លែងគោលដៅវិញ តែបុរសម្នាក់នោះមិនព្រមសហការជាមួយសមត្ថកិច្ចទេ បានប្រកែកវែកញែកតឹងសរសៃក ដាក់សមត្ថកិច្ចវិញ និងហៅស្រែកហៅ ក្រុមគ្រួសាររបស់ខ្លួន ចេញមកជួយខ្លួនផង ហើយក្រុមគ្រួសារ និងម្ដាយយុវជនម្នាក់នោះ បានចេញមកឃាត់សមត្ថកិច្ចមិនអោយចាប់កូនប្រុសរបស់គាត់ ទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំណុចមុខផ្ទះរបស់យុវជនម្នាក់ដែលជិះរត់គេចពីសមត្ថកិច្ចនោះ។ ដោយសារតែ ពិបាកនិយាយគ្នាពេក ហើយបុរសម្នាក់នោះ មិនព្រមសហការជាមួយសមត្ថកិច្ចទៀតនោះ ទើបសមត្ថកិច្ចសុំគោលការណ៍ពីថ្នាក់ដឹកនាំនៅគោលដៅ អនុវត្តបំរាមគោចរ ដើម្បីយកម៉ូតូរបស់បុរសម្នាក់នោះត្រលប់មកកន្លែង គោលដៅវិញ ដើម្បីចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន ម៉ូតូរបស់បុរសដែលជិះរត់គេច ពីគោលដៅអនុវត្តបំរាមគោចរខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានដែលឃាត់បាន ក្នុងខណ្ឌដង្កោ ចុះមកជួយសហការ និងប្រគល់ម៉ូតូរបស់បុរសម្នាក់នោះដែលរត់គេចពីគោលដៅ អនុវត្តបំរាមគោចរនោះ ទៅអោយកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ នាំយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី។
បើតាមលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថា ដោយអនុវត្តតាមសារាចរលេខ ០៤សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល និងសេចក្តីសំរេច លេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញ វិធានការរដ្ឋបាលនៅភូមិសាស្រ្តរាជធានីភ្នំពេញសម្រាប់រយៈពេល ១៤ថ្ងៃ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាម៉ោង០៩យប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ (Covid 19) នៅចំណុចមុខផ្សារស្ទឹងមានជ័យថ្មី ផ្លូវលេខ២១៧(ផ្លូវមុនីរ៉េត) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ, លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងដឹកនាំខណ្ឌមានជ័យ។ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងកម្លាំងសរុបរួមចំនួន៦៥នាក់ មានដូចជាកម្លាំងសាលាខណ្ឌមានជ័យ ១០នាក់, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ៤០នាក់(ស្រី០៦នាក់) និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ១៥នាក់ ។








ដោយ៖ បងម៉េង ខ្មែរណូត