ការមកដល់បាច់ទី២ នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុន ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន បានដឹកមកដល់កម្ពុជាកាលពីយប់មិញនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានទូតជប៉ុននៅកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការមកដល់បាច់ទី២ នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុន ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជម្ងឺកូវីដ១៩ នៅលើសាកលលោក ប្រទេសជប៉ុនបានប្រកាសកាលពីខែមុនថានឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលត្រូវបានអនុម័តដោយ WHO EUL និងផលិតនៅប្រទេសជប៉ុនចំនួនប្រមាណ ១លានដូស ជូនដល់ព្រះរាជាណាចក្រកម្ពុជា។

បាច់ទីមួយនៃវ៉ាក់សាំងនេះដែលមានចំនួនប្រមាណ ៣៣ម៉ឺនដូស បានមកប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ហើយចំនួនដែលនៅសល់ប្រមាណ ៦៧ម៉ឺនដូសទៀត បានមកដល់ប្រទេសកម្ពុជានាថ្ងៃនេះ។ ការសម្រេចផ្តល់វ៉ាក់សាំងទាំងនេះត្រូវបានធ្វើឡើងដោយផ្អែកលើចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា និងស្ថានភាពបច្ចុប្បន្ននៃជម្ងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាអំណោយទ្វេភាគីរបស់រដ្ឋាភិបាលជប៉ុនដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការរៀបចំភស្តុភារដោយ COVAX ។
ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីក្នុងកំឡុងពេលបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំង ការពង្រឹងប្រព័ន្ធសុខាភិបាល និងការកែលម្អការថែទាំវេជ្ជសាស្ត្រពិតជាមានភាពចាំបាច់ណាស់។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល COVAX AMC ដែលបានធ្វើឡើងក្នុងខែមិថុនា រដ្ឋាភិបាលជប៉ុនបានសន្យាផ្តល់ជំនួយ ៨០០ លានដុល្លារបន្ថែមទៀត ដូច្នេះជំនួយសរុបរបស់ជប៉ុនដល់ COVAX Facility មានចំនួន ១ពាន់លានដុល្លារ អាមេរិក។ ការផ្តល់វ៉ាក់សាំងប្រមាណ១លានដូសជូនដល់កម្ពុជាដូចដែលបានលើកឡើងខាងលើ គឺជាបន្ថែមពីលើកិច្ចសន្យានេះ។ មកទល់ពេលនេះ ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីទប់ទល់នឹងជម្ងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយប្រមាណច្រើនជាង ៥០ លានដុល្លារអាមេរិកដល់កម្ពុជា។
ជំនួយនេះរួមមាន ការផ្ដល់ឧបករណ៍បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រវិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែនដោយមានការគាំទ្រពីអង្គការអន្តរជាតិនានា និងការផ្គត់ផ្គង់ប្រព័ន្ធត្រជាក់ដើម្បីរក្សាទុកនិងដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩ ឱ្យបានត្រឹមត្រូវ ដែលមានការគាំទ្រពីដៃគូរបស់យើងគឺ យូនីសេហ្វ (UNICEF) និងចៃកា (JICA) ។ រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថមសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ពង្រឹងប្រព័ន្ធសុខាភិបាល។
ប្រទេសជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវឧបករណ៍ បរិក្ខារចាំបាច់។ យើងសង្ឃឹមថាការជំនួយទាំងនេះ នឹងអាចជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺកូវីដ១៩ ក៏ដូចជាអាចបន្ធូរបន្ថយក្តីកង្វល់មួយចំនួនរបស់ប្រជាជនកម្ពុជា៕







