ប្រទេសវៀតណាមបានបំបែកកំណត់ត្រាថ្មីមួយទៀត ដោយរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីរហូតដល់ ៩,៦៨៤ ករណីកាលពីម្សិលមិញនេះ
- BY
- autoadmin
- August 9, 2021
ស្ថានភាពជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាមនៅតែគ្មានភាពប្រសើរឡើង ហើយជាក់ស្ដែងខ្លួនបានបញ្ជាក់ពីករណីថ្មីចំនួន ៩,៦៨៤ ករណី កាលពីថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុននោះឡើយ។ ទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃរលកឆ្លងចុងក្រោយ ក៏នៅតែបន្ដនាំមុខគេលើករណីឆ្លងថ្មីៗ ដោយមានករណីចំនួន ៣,៨៩៨ ករណីត្រូវបានបញ្ជាក់ ហើយបន្ទាប់មកគឺខេត្តប៊ិញឌួង ៣,២១០ ករណី, ខេត្តឡុងអាន ៧២៤ ករណី និងខេត្តដុងណៃ ៦១៤ ករណី។

ឥឡូវនេះជំងឺ COVID-19 បានរាតត្បាតយ៉ាងខ្លាំងរហូតរដ្ឋធានីរបស់ប្រទេសនេះ ដោយទីក្រុងហាណូយបានរាយការណ៍ពីករណីថ្មីចំនួន ១១៤ ករណី ហើយខេត្តទេសចរណ៍ដាណាង ក៏មានករណីថ្មីចំនួន ១៣០ ផងដែរ។ ចំនួនករណីនៅថ្ងៃអាទិត្យគឺជាចំនួនដ៏ច្រើនបំផុត ខណៈដែលចំនួនច្រើនបំផុតរបស់កំណត់ត្រាចាស់គឺ ៩,២២៥ ករណី ដែលត្រូវបានកត់ត្រាកាលពីថ្ងៃទី២៤ ខែកកដ្ឋា ឆ្នាំ២០២១។ តួលេខថ្មីៗនៅថ្ងៃអាទិត្យនាំឱ្យចំនួនករណីជំងឺ COVID-19 នៅក្នុងសហគមន៍ ដែលត្រូវបានកត់ត្រាចាប់តាំងពីចុងខែមេសា មានដល់ ២០៦,៤៣៩ ករណី ។
ទន្ទឹមនឹងនេះដែរ មានអ្នកជំងឺ ៤,៨៦០ នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនជាសះស្បើយសរុបមានដល់ ៧១,៤៩៧ ករណី ។ ចំនួនមរណភាពសរុបចាប់តាំងពីមានរោគរាតត្បាតដំបូងបានកើនឡើងដល់ ៣,៣៩៧ ករណី ដោយក្នុងនោះមាន ៣,៣៦២ ករណី ត្រូវបានកត់ត្រានៅក្នុងរលកទី៤ ដែលជារលកឆ្លងដ៏អាក្រក់បំផុតរបស់វៀតណាម៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






