ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩ គឺមិនមានភាពចាំបាច់ក្នុងការទទួលវ៉ាក់សាំងដូសទី៣ទៀតនោះឡើយ

    BY Khmernote Media August 9, 2021
    លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩ គឺមិនមានភាពចាំបាច់ក្នុងការទទួលវ៉ាក់សាំងដូសទី៣ទៀតនោះឡើយ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩ គឺមិនមានភាពចាំបាច់ក្នុងការទទួល វ៉ាក់សាំងដូសទី៣ទៀតនោះឡើយ ដោយសារសារពាង្គកាយរបស់អ្នកជំងឺមានកងការពារក្នុងការខ្លួនគ្រប់គ្រាន់រួចទៅហើយ សម្រាប់ទប់ទល់ នឹងជំងឺកូវីដ១៩ ទើបអាចជាសះស្បើយពីជំងឺដ៏កាចសាហាវនេះបាន ។

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បានមានប្រសាសន៍ថា បច្ចុប្បន្ននេះដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និង យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ដល់ក្រោម១៨ឆ្នាំនៅតាមបណ្តាខេត្ត បាននិងកំពុងដំណើរការ ដោយរលូន ហើយមកដល់ពេលនេះរាជរដ្ឋាភិបាលក៏បានចាប់ផ្តើមយុទ្ធនាការចាក់ដូសទី៣ឬដូសជំរុញ ប្រភេទ AstraZeneca ដល់ ក្រុមមន្ត្រីជួរមុខតាមខេត្តជាប់ព្រំដែនកម្ពុជា ថៃ ដើម្បីបង្កើនកងការពារបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

    ចំពោះការចាក់ដូសទី៣នេះផងដែរ គឺផ្តល់ជូនសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាមឬស៊ីណូវ៉ាក់ចំនួន២ដូសរួចរាល់ ហើយមិនធ្លាប់ ឆ្លងជំងឺកូវីដ១៩ពីមុនមក ខណៈអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩រួចហើយនោះ គឺខ្លួនមានភាពសុំាទៅនឹងជំងឺកូវីដ១៩នេះរួចទៅ ហើយ ដូច្នេះមិនចាំបាច់ទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញទៀតនោះឡើយ ។

    លោកជំទាវ បានបន្តទៀតថា តាមការសង្កេតរបស់ក្រុមគ្រូពេទ្យជំនាញ ដែលបានធ្វើតេស្តសាកល្បងលើអ្នកជំងឺ ដែលបានឆ្លងជំងឺកូវីដ១៩ ហើយដែលបានជាវិញនោះ បានបង្ហាញថា ប្រព័ន្ធការពារជំងឺកូវីដ១៩ក្នុងសរីរាង្គរបស់គាត់លើសពីកម្រិតដែលកំណត់ទៅទៀត ដូច្នេះអ្នក ជំងឺកូវីដ១៩ដែលជាសះស្បើយវិញ គឺមានប្រព័ន្ធការពារជំងឺនេះពេញខ្លួនទៅហើយ ។ ប៉ុន្តែបន្ទាប់ពីជាសះស្បើយបានចន្លោះពី៦ទៅ៨ខែ គឺគាត់អាចទទួលការចាក់វ៉ាក់សាំងបាន ។

    « មានករណីដែលគាត់មិនទាន់បានចាក់វ៉ាក់សាំងគឺគាត់ឈឺ មានករណីអ្នកបានចាក់ដូសទីមួយហើយក៏ឈឺ ហើយក៏មានករណី អ្នកចាក់បានគ្រប់២ដូសហើយក៏មានដែរ អ៊ីចឹងអ្នកទាំងនោះ នៅពេលដែលគាត់ឈឺហើយគាត់ជាវិញ គឺមិនមានភាពចាំបាច់អី្វដែលត្រូវចាក់ វ៉ាក់សាំងទេ ដោយសារតែសរីរាង្គគាត់បានឆ្លើយតបទៅនឹងជំងឺកូវីដ១៩រួចទៅហើយ ប្រសិនបើសរីរាង្គរបស់គាត់ឆ្លើយតបមិនបាន ឬក៏ សរីរាង្គរបស់គាត់មិនអាចបង្កើតបាននូវកងការពារសម្រាប់វ៉ៃលុកជាមួយកូវីដ១៩ទេនោះ គឺគាត់មិនអាចជាបានទេ ការជារបស់គាត់នេះ មានន័យថា គាត់មានកងការពារពេញលេញនៅក្នុងការវាយបក ហើយខ្ញុំក៏បានសាកល្បងនៃអ្នកដែលឈឺ ឈឺហើយជាវិញក៏បានធ្វើតេស្ត សាកមើល ថាតើគាត់មានការការពារបែបណា ? នៅពេលដែលយើងធ្វើតេស្តគឺឃើញថាការការពាររបស់គាត់នោះ គឺលើសពីកម្រិតដែល គេកំណត់ទៅទៀត អ៊ីចឹងមានន័យថាគាត់មានកងការពារពេញខ្លួនហើយ ហើយយើងកន្លងមកនេះ អ្នកដែលឈឺហើយគាត់ជាទៅវិញ ក៏យើងមិនទាន់សង្កេតឃើញថាគាត់ឈឺមកវិញដែរ ទោះបីជាមានការរាតត្បាតខ្លាំងយ៉ាងណាក៏ដោយ គឺមិនមានអ្នកឈឺដដែលៗត្រឡប់ មកវិញនោះទេ ដូច្នេះវាបង្ហាញថា គាត់មានភាពស៊ាំក្នុងខ្លួនរបស់គាត់ហើយ ដូច្នេះមិនមានភាពចាំបាច់អីត្រូវ ទទួលការចាក់វ៉ាក់សាំង ទៀតទេ» ។

    លោកជំទាវ ឱ វណ្ឌឌីន បានបន្ថែមទៀតថា ម្យ៉ាងវិញទៀត សម្រាប់អ្នកជំងឺដែលជាសះស្បើយឡើងវិញ ក៏មិនទាន់សង្កេតឃើញថា មានករណីឈឺសាជាថ្មីនោះដែរ បើទោះពេលបច្ចុប្បន្ននេះមានការរាតត្បាតជំងឺកូវីដ១៩ខ្លាំងក៏ដោយ ដែលនេះអាចបញ្ជាក់បានថា អ្នកដែលធ្លាប់មានកើតជំងឺកូវីដ១៩ គឺពួកគាត់មានភាពស៊ាំក្នុងខ្លួនពេញលេញហើយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: