ចាក់ផ្សាយផ្លូវការហើយ! ស្នាមស្នេហ៍សមុទ្ររាម ខ្សែភាពយន្តភាគខ្មែរដ៏ល្បីជាង១០ឆ្នាំមុនវិលត្រឡប់មកវិញនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នាសប្តាហ៍នេះ
ទស្សនិកជន ក៏ដូចជាហ្វេនៗគាំទ្រខ្សែភាពយន្តភាគខ្មែរដ៏ល្បីមួយរឿង កាលពីជាង១០ឆ្នាំមុន ក្រោមស្នាដៃនិពន្ធដ៏ល្អឯកតែមួយគ្នាពីររបស់អ្នកស្រីពាន់ ភួងបុប្ផា នោះគឺ រឿង ស្នាមស្នេហ៍សមុទ្ររាម ត្រូវបានចាក់ផ្សាយជូនទស្សនាជាផ្លូវការហើយ។ ការទន្ទង់រង់ចាំអស់រយៈពេលជាយូរ នូវការទស្សនការត្រលប់មកវិញ នូវសាច់រឿងភាគខ្មែរមួយនេះ ដែលបានរឹលកពីអនុស្សាវរីយ៍ជាច្រើនពីស្នេហា ពីការស់នៅ និងតថភាពឆ្លុះបញ្ជាំងពីការតស៊ូរបស់តួអង្គ។

ស្នាមស្នេហ៍សមុទ្ររាម ដែលជាកម្រងសាច់រឿងស្នេហាកកើតឡើងនៅលើទឹកដីខេត្តកំពត ហើយត្រូវបានអ្នកនិពន្ធលើកយកមកចងក្រងសរសេរ ដឹកនាំផលិតបានជាខ្សែភាពយន្តភាគដ៏ជក់ចិត្តនេះឡើង។ ទស្សនិកជន ប្រហែលជានៅចងចាំអំពីសាច់រឿងខ្លះៗ បើទោះបីជាពេលវេលាបានកន្លងផុតទៅជាច្រើនឆ្នាំក៏ពិតមែន ក៏ប៉ុន្តែចំណងសាច់រឿង អមដោយបទចម្រៀងស្នាមស្នេហ៍សមុទ្ររាម នៅតែចាក់ដោតទៅដល់បេះដូងទស្សនិកជនជារៀងរហូត តពីមួយជំនាន់ទៅមួយជំនាន់។

សម្រាប់ការវិលត្រឡប់សារជាថ្មី នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននេះដែរ ទស្សនិកជន នឹងកាន់តែភ្ញាក់ផ្អើល និងប្លែកភ្នែក ប្លែកអារម្មណ៍ទៅលើការសម្តែងរបស់តួអង្គថ្មីៗ ជំនាន់ក្រោយៗ ដែលពោរពេញដោយទេពកោសល្យ ថែមជាមួយនឹងបច្ចេកទេសនៃការថតមានគុណភាពជាងមុន។ មិនតែប៉ុណ្ណោះ បើផ្តោតទៅលើដំណើរសាច់រឿងនោះ គឺមានការបន្ថែមនូវចំណងបញ្ហាដែលបានអូសបន្លាយទៅដល់វគ្គទី ពីរ ដែលជាវគ្គសាច់រឿងជំនាន់កូនៗ ដែលនឹងបង្ហាញពីបញ្ហាជីវិតចាក់ស្រេះរាប់មិនអស់ ។

សូមកុំភ្លេចរង់ចាំទស្សនារឿង ស្នាមស្នេហ៍សមុទ្ររាម ដែលនឹងចាក់ផ្សាយជូនជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោ ០៨ យប់តទៅ ( ម៉ោងចាក់ផ្សាយ ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ យប់) ៕





