ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តសៀមរាប នឹងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញ ក្នុងពេលឆាប់ៗ ប៉ុន្ដែបើកមួយចំហៀងផ្សារ៧ថ្ងៃម្ដង !

    BY Khmernote Media August 10, 2021
    អាជ្ញាធរខេត្តសៀមរាប នឹងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញ ក្នុងពេលឆាប់ៗ ប៉ុន្ដែបើកមួយចំហៀងផ្សារ៧ថ្ងៃម្ដង !

    សៀមរាប៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យ និងសិក្សាមើលផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប ក្នុងគោលបំណងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញ ដោយការបើកឱ្យលក់ដូរនោះ ត្រូវប្ដូរវេនគ្នារយ:ពេល៧ថ្ងៃម្ដង សម្រាប់អាជីវករនៅចំហៀងផ្សារ។

    ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប ការបើកសាកល្បងបើកផ្សារលើឡើងវិញនាក្នុងរយ:ពីរ ឬបីថ្ងៃខាងមុខនេះ។ ប៉ុន្តែការលក់ដូរនេះ ត្រូវប្ដូរវេនគ្នាដោយក្នុងនោះអ្នកលក់នៅចំហៀងផ្សារម្ខាងអាចលក់បានមួយសប្ដាហ៍ ហើយប្ដូរទៅអោយអាជីវករម្ខាងផ្សារទៀតវិញម្តង។ ដោយឡែកចំពោះអាជីវករដែលលក់នៅខាងក្នុងផ្សារលើ គឺអាចលក់បានរហូត ប៉ុន្តែត្រូវរក្សាគម្លាត និងចងខ្សែព័ន្ធជុំវិញ ដោយមានការរៀបចំសណ្តាប់ធ្នាប់ល្អ និងវិធានការមួយចំនួនទៀតតាមការណែនាំរបស់អាជ្ញាធរ ដើម្បីបង្ការឆ្លងមេរោគកូវិដ-១៩ ជាពិសេសការរីករាលដាល នៃជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទដែលតា។ឯកឧត្ដម បានបន្ដថា សម្រាប់អាជីវករ មិនទាន់ដល់វេនអាចទៅលក់នៅផ្សារបណ្ដោះអាសន្នផ្លូវ៦០ម៉ែត្រជិតផ្សារកុងទីន័រ។ ឯកឧត្តមបានបន្ថែមថា ការបើកផ្សារឡើងវិញវាមិនពិបាកទេ ប៉ុន្តែអ្វីដែលអាជ្ញាធរចង់បាននោះ គឺចង់ឱ្យអ្នកលក់ និងអ្នកទិញមានសុវត្ថិភាពផ្នែកសុខភាព ខណ:ដែលអ្នកលក់ជុំវិញផ្សារលើ មានប្រមាណជាង ៨០០នាក់។ ឯកឧត្តម បានបញ្ជាក់ដែរថា បើសិនជាការបើកសាកល្បងនេះ អាជីវករមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ហើយធ្វើឱ្យផ្សារនេះមានភាពស្មុកស្មាញ និងប្រឈមការឆ្លងជំងឺកូវិដច្រើនទៀតនោះ អាជ្ញាធរនឹងបិទផ្សារនេះបន្តទៀត។

    សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលខេត្ដសៀមរាប បានប្រកាសបិទការលក់ដូរនៅផ្សារលើធំថ្មី ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ខណ:ដែលខេត្ដនេះ បាននឹងកំពុងរីករាលជំងឺកូវីដ-១៩ កើនឡើងគួរអោយព្រួយបារម្ភ។ផ្សារលើធំថ្មីមានទីតាំងស្ថិតនៅភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ផ្សារនោះ ត្រូវបានរដ្ឋបាលខេត្ដសៀមរាប បានប្រកាសបិទការលក់ដូររយ:ពេល ១៤ថ្ងៃ ចំនួន៣លើកមកហើយ បន្ទាប់ពីរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ជាច្រើននាក់នៅក្នុងផ្សារនោះ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: