នេះហើយទឹកចិត្តភរិយា! លោកយាយសុំពេទ្យមកកំដរ និងមើលថែលោកតាដែលកំពុងកើតកូវីដដោយផ្ទាល់ដៃ ទាំងខ្លួនលោកយាយមិនមែនជាអ្នកជំងឺឡើយ
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហាក់មានការថមថយគួរអោយកត់សម្គាល់។ ទោះបីជាមានការថមថយក៏ដោយ ប៉ុន្តែយើងមិនទាន់អាចកាត់ផ្តាច់ការចម្លងនៅក្នុងសហគមន៍នៅឡើយនោះទេ ដោយមានករណីឆ្លងរាប់រយនាក់រៀងរាល់ថ្ងៃនៅទូទាំងប្រទេស ដោយមានអ្នកខ្លះធ្វើការព្យាបាលនៅផ្ទះ និងអ្នកខ្លះទៀតត្រូវបញ្ជូនទៅព្យបាលនៅមន្ទីរពេទ្យ ដោយសារតែស្ថានភាពជំងឺរបស់ពួកគាត់ធ្ងន់ធ្ងរ។

ជាក់ស្តែងលោកតាម្នាក់ត្រូវបានឆ្លងជំងឺកូវីដ១៩ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ ហើយអ្វីដែលធ្វើឲ្យមហាជនរំភើបចិត្តនោះ គឺភរិយារបស់លោកតាសុខចិត្តនៅមើលថែលោកតាជាប់ជានិច្ច មិនទុកលោកតាចោលនោះទេ។ យោងតាមម្ចាស់គណនីហ្វេសប៊ុក Ly Sameth បានឲ្យដឹងថា “ជ្រុងមួយនៃមន្ទីរពេទ្យហ្លួងម៉ែ លោកយាយមកកំដរលោកតា ដែលជាប្តីគាត់ជាអ្នកជំងឺCOVID 19 ទាំងខ្លួនគាត់មិនមែនជាអ្នកជំងឺនោះទេ គាត់សុំមកមើលថែលោកតាផ្ទាល់ មិនអោយកូនចៅ មកមើលថែជំនួសឡើយ🙏❤️🙏ក្រុមគ្រូពេទ្យជួរមុខសូមជូនពរអោយលោកតា ឆាប់ជាសះស្បើយឡើងវិញ🙏🙏🙏”៕
