ក្រសួងសុខាភិបាល បង្ហាញពីទីតាំង និងពេលវេលាចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ សម្រាប់មន្ត្រីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអ្នកសារព័ត៌មាននៅក្នុងរាជធានីភ្នំពេញ
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព និងដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ នឹងពង្រីកការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនដល់មន្ត្រីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអ្នកសារព័ត៌មាននៅក្នុងរាជធានីភ្នំពេញ ដែលជាគោលដៅអាទិភាពជាបន្តបន្ទាប់ដូចខាងក្រោម៖

+ ចំពោះមន្ត្រីកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងទី២ រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីការដូសជំរុញ ឬដូសទី៣ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។
+ ចំពោះកម្លាំងនគរបាល ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងទី២ រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីការដូសជំរុញ ឬដូសទី៣ នៅមន្ទីរពេទ្យ ១៦ឧសភា តាមកាលបរិច្ឆេទ និងការរៀបចំចាត់ចែងរបស់អនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។
+ ចំពោះអ្នកសារព័ត៌មាននៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងទី២ រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីការដូសជំរុញ ឬដូសទី៣ នៅមន្ទីរពេទ្យកុមារជាតិ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
ចំពោះក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាននានា ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងទី២ រួចរាល់ ហើយត្រូវចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជា៖
– ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩
– ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសម្គាលើមន្ត្រីជាប់កិច្ចសន្យា
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងលើកទី១
