បញ្ជូនទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវ ដែលបេីកហាង និងចូលទៅផឹកសុីល្មេីសបម្រាមគោចរ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ហាងផ្ទះឈើម្ហូបខ្មែរថៃចំនួន ២នាក់ និងភ្ញៀវចំនួន ៨នាក់ សរុបចំនួន ១០នាក់ (ស្រីម្នាក់) ដែលបេីកហាង និងចូលទៅផឹកសុីល្មេីសនឹងបម្រាមគោចរ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះហើយ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ០៩៖៣០នាទីយប់ ថ្ងៃ អង្គារ៍ ទី១០ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ ទីតាំងអាហារដ្ឋាន អង្គុយផឹកស៊ីមួយកន្លែងយីហោ “ផ្ទះឈើម្ហូបខ្មែរថៃ” ដែលមានទីតាំងស្ថិត តាមផ្លូវបេតុង២០MC ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានល្មើសវិធានការរដ្ឋបាល និងល្មើសវិធានការក្រសួងសុខាភិបាល ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបនិងឃាត់ខ្លួនបានទាំងថៅកែ បុគ្គលិក និងភ្ញៀវសរុប១៤នាក់។
លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា ទីតាំងអាហារដ្ឋាននេះ ធ្លាប់ត្រូវបាន កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ចុះអប់រំណែនាំ ២លើករួចមកហើយ លុះមកទល់យប់ថ្ងៃទី១០ ខែសីហា ក៏នៅតែបន្តបើកទទួលភ្ញៀវចូលផឹកស៊ី ល្មើសវិធានការរដ្ឋបាល និងល្មើសវិធានការក្រសួងសុខាភិបាលទៀត ទើបកម្លាំងចម្រុះគណៈ បញ្ជាការឯកភាព ខណ្ឌមានជ័យ បានចុះមកបង្ក្រាប និងត្រួតពិនិត្យទីតាំងខាងលើ រកឃើញថា មិនគោរពវិធានការរដ្ឋបាល និងមិនគោរពវិធានការក្រសួងសុខាភិបាល បើកទទួលភ្ញៀវចូលផឹកស៊ីជួបជុំគ្នាប្រាកដមែន ប៉ុន្តែមិនមានការចាក់ភ្លេងឬច្រៀងលេងកម្សាន្តឡើយ គ្រាន់តែមានការជួបជុំផឹកស៊ីពីសំណាក់ភ្ញៀវបុរស២តុផ្សេងគ្នា សរុបចំនួន៩នាក់ និងមាននារីបម្រើការនិងរត់តុកចំនួន ៤នាក់ រួមទាំងថៅកៅហាងម្នាក់ទៀត សរុប១៤នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតសម្ភារមានដូចជាម៉ូតូ៦គ្រឿងផងដែរ។
លោកអធិការខណ្ឌមានជ័យបន្តថា ចំពោះទីតាំងអាហារដ្ឋាន យីហោ “ផ្ទះឈើម្ហូបខ្មែរថៃ” ដែលមានម្ចាស់ឈ្មោះ ហា រីណា ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ត្រូវបានលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានធ្វើកំណត់ហេតុបិទចោល ចាប់ពីពេលនេះតទៅ គ្មានជនណា ឬបុគ្គលណាម្នាក់ មានសិទ្ធិបើកវិញឡើយ ព្រោះល្មើសនិងវិធានច្បាប់ក្នុងកិច្ចការពារកូវីដ១៩៕















ដោយ៖ បងម៉េង ខ្មែរណូត