មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ កម្ពុជាកំពុងព្យាយាមចរចាជាមួយបណ្ដាប្រទេសចំនួន៤ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca សម្រាប់ចាក់ដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជាកំពុងព្យាយាមចរចាជាមួយបណ្ដាប្រទេសចំនួន៤ ដែលក្នុងនោះមាន ប្រទេសជប៉ុន ឥណ្ឌា សាធារណរដ្ឋកូរ៉េ ចក្រភពអង់គ្លេស ពិសេស រោងចក្រអាស្ត្រាហ្សេនីកា (AstraZeneca) នៅបណ្ដាប្រទេសទាំងនេះ ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca សម្រាប់ចាក់បន្តជូនប្រជាពលរដ្ឋ ជាដូសទី៣ឬដូសជំរុញ។

ក្នុងឱកាសអញ្ជើញទទួលការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៣លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីប្រទេសចិន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកជំទាវ យក់ សម្បត្តិ មានប្រសាសន៍ថា យោងតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ គណៈកម្មការចំពោះកិច្ចនៃលទ្ធកម្មវ៉ាក់សាំង កំពុងព្យាយាមស្វែងរកនៅប្រទេសមួយចំនួន ដែលយើងអាចមានលទ្ធភាពក្នុងការបញ្ជាទិញ។
ចំពោះមុខនេះយើងកំពុងតែធ្វើការតាមរយៈទូតរបស់កម្ពុជានៅប្រទេសជប៉ុន ឥណ្ឌា សាធារណរដ្ឋកូរ៉េ និងកំពុងប្រឹងប្រែងចរចាជាមួយចក្រភពអង់គ្លេស ជាពិសេសរោងចក្រ AstraZeneca នៅបណ្ដាប្រទេសទាំង៤នេះ ដើម្បីបញ្ជាទិញ ដែលរំពឹងថាក្នុងសប្ដាហ៍នេះ ឬសប្ដាហ៍ក្រោយយើងនឹងបានទទួលដំណឹងតាមរយៈស្ថានទូតរបស់យើងនៅតាមបណ្ដាប្រទេសទាំងនោះ។ ពាក់ព័ន្ធនឹងការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់នេះដែរ លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ថា ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបំណងប្រាថ្នាដោយជោគជ័យ ទៅតាមផែនការនៃការបញ្ជាទិញវ៉ាក់សាំង ជាពិសេសថ្ងៃនេះយើងបានទទួលវ៉ាក់សាំងចំនួន ៣លានដូសទៀត ជាប្រភេទវ៉ាក់សាំស៊ីណូវ៉ាក់របស់ប្រទេសចិន ហើយនៅសល់វ៉ាក់សាំស៊ីណូវ៉ាក់ដែលបញ្ជាទិញចំនួន ២លានដូសទៀត ប្រហែលជានឹងមកដល់ក្នុងសប្ដាហ៍ទី៣ ឬដើមសប្ដាហ៍ទី៤ ក្នុងខែសីហានេះ។ ដូច្នេះជាសរុបមកដល់ថ្ងៃនេះ កម្ពុជាមានវ៉ាក់សាំងសរុបទាំងការបញ្ជាទិញ និងវ៉ាក់សាំងជំនួយ មានចំនួនជិត ២៥ លានដូសហើយ ដើម្បីដំណើរការចាក់ជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ដែរថា វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលលើពិភពលោក បន្ថែមពីលើវិធានការផ្សេងៗ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានស្វះស្វែងគ្រប់លទ្ធភាព ក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។
មកដល់ថ្ងៃនេះ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួនជាង ៨លាននាក់ និងកុមារ ព្រមទាំងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួនជាង ៣៥ម៉ឺននាក់ផងដែរ ៕


ប្រភព៖ ក្រសួងព័ត៌មាន